ភ្នំពេញ៖ ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 នាថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក។
សម្រាប់ថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍នេះ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយថ្នាក់ដឹកនាំជាច្រើនរូប បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។
ព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យជូនសាធារណជនទស្សនា និងការប្រគុំតន្រ្តីខ្នាតយក្សលំដាប់អន្តរជាតិដោយមានការចូលរួមពីប្រតិភូ Gumball 3000 Rally ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម កីឡាករ និងតារារ៉េបល្បីៗ ជាច្រើនរូប ដែលរៀបចំឡើងនៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ។
ចំណែកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball 3000 បន្តដំណើរពីភ្នំពេញឆ្ពោះទៅសៀមរាប។ នៅថ្ងៃទី១៧ ខែកញ្ញា នឹងមានការប្រារព្ធព្រឹត្តិការណ៍កំណត់ត្រាពិភពលោក (Guinness World Records) នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក។
ក្បួនរថយន្តនេះ នឹងឆ្លងកាត់ប្រទេសកម្ពុជារយៈពេល ២យប់ ៣ថ្ងៃ ឆ្លងកាត់រាជធានីភ្នំពេញនិងសៀមរាបអង្គរ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ កញ្ញា ដែលក្រសួងទេសចរណ៍បានទទួលភារកិច្ចដឹកនាំព្រឹត្តិការណ៍ «Gumball 3000 Rally Cambodia»។
តាមរយៈ ព្រឹត្តិការណ៍នេះ នឹងនាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវិស័យទេសចរណ៍ ក៏ដូចជា ជាសារមួយពាំនាំទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងបង្ហាញកម្ពុជា ជាប្រទេសមួយដែលពោពេញទៅដោយសក្ដានុពលដ៏សម្បូរបែប ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ 2024 Gumball 3000 Rally នេះ នឹងធ្វើដំណើរឆ្លងកាត់ចំនួន ៥ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មាន វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ខណៈបន្ទាប់ពីចេញពីកម្ពុជាតាមច្រកប៉ោយប៉ែតឆ្ពោះទៅប្រទេសថៃ៕