សៀមរាប៖នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា នឹងទទួលរៀបចំនូវព្រឹត្តិការណ៍ធំៗចំនួន៣ ក្នុងនោះមានព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 ព្រឹត្តិការណ៍អយន្តកាលដ៏អស្ចារ្យ ឬហៅថា សមរាត្រី និង ការដង្ហែក្បួនដ៏ធំក្នុងក្រុងសៀមរាប។
យោងតាមការចុះផ្សាយរបស់បណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 នាថ្ងៃទី១៦-១៧ ខែកញ្ញា ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ។
ព្រឹត្តិការណ៍អយន្តកាលដ៏អស្ចារ្យ ឬហៅថា សមរាត្រី នាថ្ងៃទី២១-២៣ ខែកញ្ញា ដែលអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ហើយក្នុងមួយឆ្នាំមានតែ២ដងប៉ុណ្ណោះ និង ព្រឹត្តិការណ៍ធំមួយទៀត គឺការដង្ហែក្បួនដ៏ធំក្នុងក្រុងសៀមរាប អមជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈប្រពៃណី នាថ្ងៃទី២៧ ខែកញ្ញា ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍ ការតាំងបង្ហាញឡាន និង ម៉ូតូចាស់ៗជាដើម។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តសៀមរាប គឺជាខេត្តមួយជំរុញភ្ញៀវទេសចរទៅលេងកម្សាន្តឱ្យកាន់តែច្រើន។ជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តសៀមរាបទទួលរៀបចំនូវកម្មវិធីជាច្រើនទាំងកិច្ចប្រជុំ ការប្រគុំតន្ត្រី ការប្រកួតប្រដាល់គុនខ្មែរជាតិ និង អន្តរជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត៕