ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យភាគីកាណាដា ជួយបន្តជំរុញផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់សហគមធុរកិច្ចការ និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនកាណាដាពិចារណាធ្វើការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងវិស័យកសិ-ឧស្សាហកម្ម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមសេចក្ដីប្រកាស លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដឹកនាំដោយលោក Paul Thoppil តំណាងការិយាល័យពាណិជ្ជកម្មកាណាដាប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក ជា វុទ្ធី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៍មានតម្លៃអញ្ជើញមកពិភាក្សាការងារ និងស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការស្វែងរកកិច្ចសហការដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-កាណាដា។
លោក Paul Thoppil ប្រធានគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណា បានលើកឡើងជម្រាបជូនអង្គប្រជុំអំពីយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា (Canada`s Indo Pacific Strategy) ដែលនឹងជួយឱ្យកាណាដាមានកំណើនសេដ្ឋកិច្ចរយៈពេលវែង និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកាណាដាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាមួយបណ្ដាសេដ្ឋកិច្ចសំខាន់ៗនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយក្នុងនោះក៏ចង់ឃើញកម្ពុជាដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្តនេះផងដែរ។
ជាមួយគ្នានេះ លោក Paul Thoppil ក៍បានលើកឡើងពីសារៈសំខាន់នៃការជំរុញបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន កាណាដា ដែលកិច្ចព្រមព្រៀងនេះនឹងដើរតួនាទីជាឧបករណ៍ដ៍សំខាន់មួយក្នុងការជំរុញទាក់ទាញការវិនិយោគកាណាដាមកកម្ពុជា ពិសេសបានទទួលស្គាល់ពីសក្តានុពលខ្ពស់របស់កម្ពុជា៕