Cctimesw1140xh150cm copy

ទូតជប៉ុនសន្យាជាមួយ«ពលរដ្ឋកម្ពុជា»ប្រឹងប្រែងកែលម្អកំពង់ផែព្រះសីហនុឱ្យក្លាយជាកំពង់ផែស្នូលក្នុងតំបន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ក្រុងព្រះសីហនុ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សន្យាជាមួយប្រជាជនកម្ពុជាថា រដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហការជាមួយភាគីកម្ពុជាលើការពង្រីក និងកែលម្អកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីឱ្យកំពង់ផែនេះក្លាយជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រនៃកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែជាចំណុចស្នូលនៃប្រតិបត្តិការជប៉ុន-កម្ពុជា ហើយក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី KISHIDA Fumio នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២ នាពេលនោះលោកនាយករដ្ឋមន្រ្តី KISHIDA និងសម្ដេចតេជោ ហ៊ុន សែន បានឯកភាពគ្នាក្នុងការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសក្ដានុពលកំពង់ផែនេះដែលមិនត្រឹមតែជាកំពង់ផែដ៏ធំសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាកំពង់ផែដែលបម្រើដល់កម្រិតតំបន់។

លោកបន្តថា នៅក្នុងកិច្ចប្រជុំកំពូលដែលបានធ្វើឡើងអំឡុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុនកាលពីខែធ្នូឆ្នាំមុន សម្ដេចបានស្នើឱ្យលោកនាយករដ្ឋមន្រ្តី Kishida គាំទ្រផែនការមេអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់។ រដ្ឋាភិបាលជប៉ុនបានយល់ព្រម ហើយចាប់ផ្ដើមអនុវត្តសំណើនេះភ្លាមៗ។

ខណៈពេលនេះនៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត លោកសន្យាជាមួយប្រជាជនកម្ពុជាថា រដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហការជាមួយភាគីកម្ពុជាលើការពង្រីក និងកែលម្អកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្រ្តអភិវឌ្ឍន៍កំពង់ផែកម្ពុជាដែលបានដាក់ចេញដោយសម្ដេច ហ៊ុន ម៉ាណែត ក៏ដូចជាលក្ខន្តិកៈថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ជប៉ុន និងអភិក្រមនៃកិច្ចសហ្រតិបត្តិការថ្មីចំនួនបីដែលទើបតែប្រកាសដាក់ចេញដោយលោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុន KAMIKAWA Yoko៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង