Cctimesw1140xh150cm copy

សមាគមឧកញ៉ាកម្ពុជាចែករំលែកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជាដល់ក្រុមហ៊ុនចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងស៊ាមិន៖ សមាគមឧកញ៉ាកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងអំពីស្ថានភាព និងកាលានុវត្តភាពធុរកិច្ចនៅក្នុងប្រទេសកម្ពុជា និងបានធ្វើបទបង្ហាញអំពីសក្ដានុពលនៃក្រុមហ៊ុននីមួយៗរបស់ខ្លួន ជូនធុរជន និងវិនិយោគិនចិន ជាព័ត៌មានមូលដ្ឋានក្នុងការផ្គូផ្គងធុរកិច្ច និងកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នាណាមួយនាពេលអនាគត។

កាចែករំលែកខាងលើនេះត្រូវបានធ្វើឡើងនាឱកាស លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ និងចូលរួម “ពិព័រណ៌អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” នៅទីក្រុងស៊ាមិន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៦-១០ ខែកញ្ញា ឆ្នាំ២០២៤ ដែលអមដំណើរដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាងលោកអ្នកឧកញ៉ាប្រធានសមាគម ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច”។ លោកក៏បានបង្ហាញគោលបំណងរបស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព និងស្នើសុំឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគរបស់ខ្លួន ពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជាផងដែរ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចខាងលើ តំបន់ពាណិជ្ជកម្មសេរី FJFTZ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាន់តែមានភាពសម្បូរបែបបង្កើនពិពិធកម្មសេដ្ឋកិច្ចសង្គមកម្ពុជា។

បន្ថែមលើនេះ ក្រុមហ៊ុន Wanli Stone ក៏បានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង