Cc time web banner 054637

រោងចក្រសហគ្រាស ១៣កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងការបញ្ចេញសំណល់រាវ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

 គិតមកត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៣ កន្លែង បានរៀបចំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ដែលស្របទៅតាមច្បាប់នៃកម្ពុជា។

ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមអ្នកជំនាញ ក៏បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យរួចរាល់នៅរោងចក្រសហគ្រាសចំនួន ៣ទីតាំងធំៗ មុនគេរួមានក្នុងខេត្តស្វាយរៀង និងខេត្តបាត់ដំបង ខណៈរោងចក្រសហគ្រាស ចំនួន ៣ទីតាំងផ្សេងទៀត បានចុះកិច្ចសន្យាជាមួយក្រុមអ្នកជំនាញតម្លើង។ កន្លងមកនេះ រោងចក្រសហគ្រាសចំនួនជាង ១០០ទីតាំង ក៏បានស្នើសុំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ ដើម្បីធានាថាសំណល់រាវបញ្ចេញពីមូលដ្ឋានរោងចក្រ សហគ្រាសរបស់ខ្លួន មិនមានជាតិពុល មិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដែលរស់នៅ និងកំពុងបំពេញការងារនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន មុននឹងការបង្ហូរចេញទៅតាមប្រឡាយប្រភពទឹកសាធារណៈ។

គួរបញ្ជាក់ថា ការបំពាក់ឧបករណ៍នេះ គឺដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ក្រសួងបរិស្ថានតម្រូវឱ្យគ្រប់រោងចក្រសហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថានកម្ពុជាលើកកម្ពស់ភាពស្អាត មានអនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ គ្មានការបំពុលដោយសំរាមប្លាស្ទិក និងទឹកកខ្វក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង