ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤ បានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ប្រភេទកីឡា លើ ៥៥វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ«កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»។ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខណៈពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាចក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបិទផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ចំពោះព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ បានដាក់៣៦ប្រភេទកីឡា មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកួនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូ WTF ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ គុនខ្មែរ វាយកូនបាល់ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង កីឡារាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ប៊ីយ៉ា និងស្នូកឃ័រ ទ្រីយ៉ាថ្លុង វាយគុនគោល ម៉ូតូទឹក អុកចត្រង្គ និងវ៉ូវីណាម។ ដោយឡែក ព្រឹត្តិការណ៍កីឡាជាតិជនពិការ មាន អត្ដពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះជិះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ និង អុកជនពិការ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំព្រឹត្តិការណ៍នេះចំនួន ៣លើករួចហើយ ដែលលើកទី១នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២។ ខណៈព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងកំពង់ឆ្នាំង៕