Cc time web banner 054637

កូរ៉េខាងត្បូងប្តេជ្ញាសាងសង់«ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»ឱ្យមានគុណភាពខ្ពស់ជានិមិត្តរូបជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កូរ៉េខាងត្បូង៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Yoon Suk-Yeol នៅថ្ងៃទី ១១ កញ្ញាម្សិលមិញនេះ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ តភ្ជាប់ពីផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ ឱ្យមានគុណភាពខ្ពស់។ការប្តេជ្ញាចិត្តនេះ គឺធ្វើឡើងក្នុងពេលលោកជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពេលសម្តេចបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ។

លោក Yoon Suk-Yeol បានថ្លែងអំណរគុណ សម្តេច ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង ពង្រីក​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ កាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ បើកផ្លូវឱ្យមានទំនាក់ទំនងភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មវ មានការកើនឡើងចេញលំដាប់ ជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ មិនយូរទៀតទេកម្ពុជា និង ប្រទេសកូរ៉េខាងត្បូងនឹងមាន«ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»ដែលនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខនេះ។សម្រាប់លោកប្រធានាធិបតី ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និង គុណភាព និង ជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា-កូរ៉េ»តភ្ជាប់ពី ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ គឺជាស្ពានវែងជាងគេនៅក្នុងប្រទេសកម្ពុជា។ជាប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និង ទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១.១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រាប់ ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ ការសិក្សាលម្អិត ចំពោះផលប៉ះពាល់បរិស្ថាន និង សង្គម(ESIA) បានបិទបញ្ចប់របាយការណ៍ចុងក្រោយ និង បានឯកភាពលើរបាយការណ៍រួចរាល់ ដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ ក្នុងរង្វង់ខែ មិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥ លានដុល្លារ និង មានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង