Cc time web banner 054637

កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«ចំណតផែកុងតឺន័រថ្មី»ជាការវិនិយោគរួមគ្នាជាមួយជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១២ កញ្ញានេះ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ចំណតផែកុងតឺន័របន្ថែម ប្រវែង២៥៣ម៉ែត្រ» របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ នេះជាសមិទ្ធផលថ្មី ដែលផ្តល់ជំនួយដោយរដ្ឋាភិបាលប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន។

ចំណតផែកុងតឺន័របន្ថែមថ្មីនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រធំៗមានជម្រៅទឹក ១០,៤ ម៉ែត្រ អាចចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។ គម្រោងអនុវត្តសាងសង់នេះ ទទួលសិទ្ធិសាងសង់ និង ត្រួតពិនិត្យដោយក្រុមហ៊ុនជប៉ុន ចំណាយពេលសាងសង់១៧ ខែ បញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៤ ចំណាយថវិកាជាង៣៧លានដុល្លារអាម៉េរិក ក្នុងនោះមានថវិការបស់ជប៉ុនប្រមាណ១០លានដុល្លារអាម៉េរិក។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងកម្ពុជាទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង