Cc time web banner 054637

កម្ពុជាបន្តអនុវត្តបិទការនាំចូល«គ្រឿងក្នុង និង បំណែកសាច់បង្កក»៦ខែទៀតចាប់ពីថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី ១១ កញ្ញា ម្សិលមិញ បានចេញសេចក្តីប្រកាសជូនដំណឹងរួមគ្នា អំពីការកែសម្រួលវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និង បំណែកសាច់បង្កក។ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងទាំងពីរ បានសម្រេចគ្នាបន្តអនុវត្តនូវវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន«គ្រឿងក្នុង និង បំណែកសាច់បង្កក»រយៈពេល៦ខែបន្តទៀត ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១២ កញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ១២ មីនា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ក្រសួងសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នលើមុខទំនិញមួយចំនួនមានជាអាទិ៍ ថ្លើមសត្វជ្រូកបង្កក ភាគបំណែកសត្វ និង គ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមសត្វជ្រូកដែលអាចបរិភោគបាន បង្កក។

ការសម្រេចបន្តអនុវត្តវិធានការនេះ ត្រូវបានពន្យល់ថា ដោយសារផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និង បំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចេញ។ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង(Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្ដាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និង អាចឈានទៅដល់ការខូចខាតទាំងស្រុង។

តែយ៉ាងណាក៏ដោយ វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង