Cc time web banner 054637

អគ្គនាយកធនាគារ ARDB ចុះចែករំលែកស្តីពីហិរញ្ញប្បទានបៃតងនៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចូលរួមចែករំលែកស្តីអំពី ហិរញ្ញប្បទានបៃតង នៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោក កៅ ថាច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត បានរៀបចំគោលនយោបាយច្រើនណាស់ ជាពិសេស ទាក់ទងនិងហិរញ្ញប្បទានបៃតងនេះ។ ធនាគារ ARDB យើងបានផ្តល់ជូនឥណទានបៃតងលើផ្នែកបន្លែ ផ្នែកប្រព័ន្ធស្រោចស្រប់ ការដាំបន្លែលើទឹក ប្រព័ន្ធសូឡា និងជាពិសេសផ្តោតលើ វិស័យកសិកម្មតែងម្តង ។

លោកបានបន្តទៀតថា ការអភិវឌ្ឍន៍ខាងធនាគារយើង គឺបានបន្តរៀបចំធ្វើកិច្ចការនេះ ដើម្បីទាក់ទាញទុនពីក្រៅប្រទេសទៅឲ្យធនាគារជាដៃគូក្នុងស្រុក ហើយកន្លងទៅយើងបានទទួលការអនុម័តពី GCF ដែលមានទុន ប្រមាណ១០០ លានដុល្លារអាម៉េរិក មកជាលំហូរទុនមកកម្ពុជា ដើម្បីធ្វើកិច្ចការងារនៃការផ្តល់ជាឥណទានផ្នែកហិរញ្ញប្បទាន។

លោកបានលើកឡើងថា កន្លងទៅធនាគារ ARDB បានអនុវត្តការងារជាក់ស្តែងដូចជា ហិរញ្ញប្បទានបៃតងផ្តោតលើផ្នែកបន្លែ ផ្លែឈើ ក្នុងនោះមានបីកកសិដ្ឋានសាកល្បងដូចជា កសិដ្ឋានប្រសិទ្ធ សហគន៍តាសីសាមគ្គី នៅខេត្តបាត់ដំបង និងនៅឃុំជ័យធំ ខេត្តកណ្តាល ដោយបញ្ចូលការទទួលខុសត្រូវផ្នែកបរិស្ថានផងដែរ។

ថ្លែងបន្ថែមក្នុងបទបង្ហាញនេះដែរ លោកបានបញ្ជាក់ថា បញ្ហាប្រឈមរបស់យើងលើផ្នែកហិរញ្ញប្បទានបៃតង គឺការយល់ដឹងនៅមានកំរិតទាបនៅឡើយ មិនថាតែប្រជាពលរដ្ឋនោះទេ គឺក្នុងចំណោមអ្នកកែច្នៃ អ្នកដាំដុះ ការយល់ដឹងមិនបានទូលំទូលាយពីឥណតានបៃតងនេះនៅឡើយទេ។ លើសពីនេះទៅទៀត ក្នុងក្របខណ្ឌផ្នែកផ្លូវច្បាប់និងគតិយុទ្ធវិញ នៅខ្វះចន្លោះច្រើនដែរ។ រាល់ថ្ងៃនេះយើងកំពុងតែប្រើប្រាស់បច្ចេកទេសខ្លួនឯង និងនៅក្នុងប្រព័ន្ធធនាគារខ្លួនឯង ដែលនៅមានកម្រិតនៅឡើយ។

ស្របជាមួយយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារ ARDB បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអភិវឌ្ឍន៍ កំពុងសហការយ៉ាងជិតស្និទ្ធិជាមួយដៃគូយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ ដើម្បីផ្សារភ្ជាប់គោលដៅរបស់ខ្លួនជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

កាលពីឆ្នាំ ២០២២កន្លងទៅ ធនាគារ ARDB បានបង្កើតនាយកដ្ឋាន ហិរញ្ញប្បទានបៃតង ក្នុងគោលបំណងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលអាចធ្វើឱ្យវិស័យកសិកម្មសម្របខ្លួនបានទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ទុនបង្វិល និងការគាំទ្រដល់ការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគាំទ្រដល់វិស័យស្រូវអង្ករ បន្លែសុវត្ថិភាព ប្រព័ន្ធស្រោចស្រព និងផ្ទះសំណាញ់ ដែលបាននិងកំពុងសហការជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្តល់ឥណទានបៃតង ក្រោមគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា សំដៅជំរុញអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។

សូមជំរាបដែរថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺជាសក្ខីភាពបង្ហាញពីតម្រូវការឥណទានបៃតងក្នុងប្រទេសកម្ពុជា និងសក្តានុពលរបស់ធនាគារ ARDB ក្នុងការដើរតួជាគ្រឹះស្ថានហិរញ្ញវត្ថុអន្តរការីដ៏សំខាន់មួយ ដែលចូលរួមបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង