ភ្នំពេញ៖ គ្រឹះស្ថានអង្គរ នៅថ្ងៃទី ១១ កញ្ញានេះ បានចេញនូវសេចក្តីជូនដំណឹងស្តីពីការលុបចោលនូវនីតិវិធីបែបបទមួយចំនួន ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង។ការកែទម្រង់នេះ គឺសំដៅប្រតិបត្តិការលក់បណ្ណ និង ការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ ដោយចាប់អនុវត្ត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹង ការកែទម្រង់ដំណាក់កាលទី១នេះ មានដូចជា ការលុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុនិងភេទ។ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ០១ថ្ងៃសម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ, រក្សារូបថត និង លុបចោលនូវព័ត៌មាន សញ្ជាតិក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងផ្លាស់ប្ដូរការត្រួតពិនិត្យបណ្ណពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូលប្រាសាទវិញ។
គ្រឹះស្ថានអង្គរបានអំពាវនាវដល់គ្រប់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានភ្ញៀវទេសចរអន្តរជាតិ បានធ្វើការកក់( Booking) រួចហើយ នូវបណ្ណរយៈពេល៣ថ្ងៃ និង៧ថ្ងៃ ត្រូវផ្ដល់នូវចំនួនភ្ញៀវទេសចរដែលបានកក់រួចនេះ មកគ្រឹះស្ថានអង្គរឱ្យបានមុនថ្ងៃប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី១ នៃការកែទម្រង់ខាងលើនេះ ដើម្បីឱ្យគ្រឹះស្ថានអង្គរអាចរក្សាចំនួនបណ្ណសម្រាប់លក់ជូន ដោយតម្រូវឱ្យមានរូបថតដូចមុន។
ចំពោះការកែទម្រង់ដំណាក់កាលទី២ នៃការលក់បណ្ណតាមប្រាសាទ រាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់គ្រឹះស្ថានអង្គរ៕
ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ដើម្បីសម្រួលដល់ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យអនុវត្តការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យបណ្ណរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។