Cctimesw1140xh150cm copy

ចិនប្តេជ្ញាជួយកម្ពុជាទាំង«ជំនួយ បច្ចេកទេស និងធនធានមនុស្ស»លើវិស័យដឹកជញ្ជូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា(CDC) និង ក្រសួងដឹកជញ្ជូនចិន បានជួបពិភាក្សាគ្នាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និង ប្រកបដោយលទ្ធផលផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។ ការពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន កាលពីម្សិលមិញ។ ក្នុងជំនួបនោះ សមភាគីចិនសន្យាជាមួយកម្ពុជាថា នឹងជួយកម្ពុជាទាំង«ជំនួយ បច្ចេកទេស និងធនធានមនុស្ស»លើវិស័យដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមានពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។ បន្ថែមពីនេះ “ខ្សែក្រវាត់ និងផ្លូវ” និង “គោលនយោបាយចិនតែមួយ” ក៏ជាប្រធានបទដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក Li Xiaopeng បានបញ្ជាក់ថា ភាគីចិនបានសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងគាំទ្រនិងបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា។ លោកបានគូសបញ្ជាក់អំពីក្ដីសង្ឃឹមយ៉ាងមុតមាំថាភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា-ចិន បានប្រកបដោយចីរភាព។

គួរបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដ៏ទៃទៀតត្រូវបានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះបានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង