Cctimesw1140xh150cm copy

ក្រុមអ្នកធុរកិច្ចអាម៉េរិកចាប់អារម្មណ៍នាំចេញផលិតផលកសិកម្មរបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៥ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ បានមកទស្សនកិច្ចនៅកម្ពុជា និងបានបង្ហាញគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។ ក្រុមហ៊ុនទាំងនេះត្រូវបានដឹកនាំដោយលោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាម៉េរិក ជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រៅពីចាប់អារម្មណ៍លើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាម៉េរិកបានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលជូននិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាម៉េរិកផងដែរ។

សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាម៉េរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។

ជាចុងក្រោយ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាម៉េរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង