ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញានេះ បានប្រកាសបើកកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) នៅប្រទេសកម្ពុជា។កម្មវិធីនេះ ទទួលបានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក មានគោលបំណងលើកកម្ពស់ស្រ្តីក្នុងជំនាញអាជីវកម្ម តាមរយៈការសិក្សាពីកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ។
កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ព្រមទាំងវត្តមានសិក្ខាកាមដំបូងចំនួន៣០នាក់ មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងវិស័យផ្សេងៗគ្នា រាប់តាំងពីសេវាកម្មបដិសណ្ឋារកិច្ចដល់វិស័យថាមពល។ អ្នកជំនាញខាងសហគ្រិនភាពមកពីសហរដ្ឋអាម៉េរិក គឺលោកស្រី Melinda Emerson ក៏បានចូលរួមថ្លែងសុន្ទរកថាជាគន្លឹះ ព្រមទាំងមានសុន្ទរកថាតាមវីដេអូ របស់លោកស្រី Leslie Kiernan អគ្គទីប្រឹក្សារបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ផងដែរ។
លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក បានថ្លែងនៅក្នុងពិធីបើកនៅថ្ងៃនេះថា សហរដ្ឋអាម៉េរិកបាននាំមុខគេក្នុងកិច្ចពិភាក្សាលើគោលនយោបាយក្នុងការលើកកម្ពស់ស្ត្រីអស់រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះកម្មវិធី AWE រាប់ថាជាគម្រោងដ៏សំខាន់សម្រាប់យុទ្ធនាការស្តីពីការលើកកម្ពស់ស្ត្រី ដែលអបអរសាទរ និងគាំទ្រស្ត្រីឲ្យសម្រេចបាននូវសក្តានុពលពេញលេញ។
ជាមួយគ្នានេះ ក្រុមស្គរស្ត្រីមេធា (MeDha) ដែលជាក្រុមស្ត្រីវាយស្គរដំបូងនៅកម្ពុជា ក៏បានចូលរួមបើកកម្មវិធីជាមួយនឹងការសម្ដែងដ៏អស្ចារ្យ។
AWE គឺជាគម្រោងផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលផ្តល់ចំណេះដឹង បណ្តាញ និងលទ្ធភាពចាំបាច់ ដើម្បីឲ្យស្ត្រីជាសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មដោយជោគជ័យ ហើយប្រើប្រាស់អំណាចនៃអ្នកឧបត្ថម្ភពីវិស័យសាធារណៈ និងវិស័យឯកជន ដៃគូក្នុងស្រុក និងបណ្តាញនៃអតីតនិស្សិតដែលបានចូលរួមក្នុងក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំ របស់សហរដ្ឋអាមេរិក ដើម្បីជួយស្ត្រី និងអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន។
គួរបញ្ជាក់ថា អ្នកដាក់ពាក្យចូលរួមសិក្សា ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៩ ខែ ក្នុងកម្មវិធី ដែលរួមមានការសិក្សា តាមប្រព័ន្ធអនឡាញ ការចូលរួមសិក្សាដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ស្នាដៃ និងផ្តល់ការគាំទ្រនៅក្រោយចប់កម្មវិធីសិក្សា៕