Cctimesw1140xh150cm copy

CDCអនុម័តគម្រោងវិនិយោគចំនួន៥៣គម្រោងក្នុងទុនសរុបជាង១,២ពាន់លានដុល្លារក្នុងខែសីហា ឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងសរុបចំនួន៥៣គម្រោង ក្នុងនោះគម្រោងថ្មីមានចំនួន៤៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមសេចក្ដីប្រកាស ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែសីហានេះ រួមមាន៖

ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស

1. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម៨០លានដុល្លារអាម៉េរិកនិងអាចបង្កើតការងារបន្ថែមបានចំនួន៦៨៣កន្លែង

2. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វដែលមានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន១.០៥៣កន្លែង

3. គម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម ដោយកែច្នៃផលិតផលពាក់កណ្ដាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្នរបស់ក្រុមហ៊ុនទៅជាផលិតផលសម្រេច Bovine Collagen Peptide, Fish Collagen Peptide, Pea Protein Peptide, Rice Protein Peptide, Pea Protein ដែលមានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម២៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ២០០កន្លែង

4. គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចកកែច្នៃ ផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់បង្អើរ ខេត្តកែប ក្នុងទុនវិនិយោគប្រមាណជាង២៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២៧១កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស

1. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិលដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន៨០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៧៧៥កន្លែង

2. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ៤៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៩៥៩កន្លែង

3. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគប្រមាណជាង ២៥៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥០០កន្លែង

4. គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុលដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៨៣កន្លែង។

គួរបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៨៤,៧២% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់៩,១២% នៃទុនវិនិយោគសរុប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង