Cc time web banner 054637

ក្រុមហ៊ុនចិនចាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖​ ក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន​ បា​នបង្ហាញចំណាប់អារម្មណ៍លេីការវិនិយោគលេីវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ ចំណាប់អារម្មណ៍នេះត្រូវបា​នលេីកឡេីង​នាឱកាសពិភាក្សាការងារជាមួយលោក​ យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា​ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនេះ អគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្រុមហ៊ុន។ លោកបានឧទ្ទេសនាមដោយសង្ខេបអំពី៖ ស្ថាប័ន ក.អ.ក., ស្ថានភាពស្ថិរភាពសេដ្ឋកិច្ច-នយោបាយ, កត្តាសុខសន្តិភាព, សក្តានុពលវិនិយោគនៅកម្ពុជា, ទិដ្ឋភាពច្បាប់ ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិនិយោគឯកជនផងដែរ។

អគ្គលេខាធិការរងCDC បានសម្តែងនូវការអរគុណចំពោះអគ្គនាយកក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគផ្នែករោងចក្រផលិតដែកនៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក ហើយបានណែនាំមិត្តភក្តិជាវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

ជាក់ស្តែង ការណែនាំក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនមានជំនាញក្នុងវិស័យកសិកម្មនេះ ដើម្បីមកពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់អ្នកវិនិយោគ មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក​ យុន​ ហេង​ បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគឱ្យបានឆាប់។

ជាការឆ្លើយតប​ តំណាងក្រុមហ៊ុន SHAN CUN GROUP បានបង្ហាញនូវគោលជំហរជាវិជ្ជមាន ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង