Cc time web banner 054637

ធនាគារ កាណាឌីយ៉ា ឈ្នះពានរង្វាន់សម្រាប់បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា ជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ឆ្នើមសម្រាប់បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថលក្នុងតំបន់អាស៊ីប្រចាំឆ្នាំ ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/
គណៈគ្រប់គ្រង នៃនាយកដ្ឋានបរិវត្តកម្មឌីជីថល របស់ធនាគារ កាណាឌីយ៉ា ដឹកនាំដោយលោក Howard Lau អគ្គនាយកគ្រប់គ្រងព័ត៌មាន (រូបនៅកណ្ដាល)

(រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) ៖ ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជដែលឈានមុខគេ ជាមួយនឹងវត្តមានជាង ៣ទសវត្សរ៍នៅក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា បានឈ្នះពានរង្វាន់សម្រាប់បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា (Cambodia Technology Excellence Awards in Digital Banking) ជាលើកទី២ នៅក្នុងកម្មវិធី ពានរង្វាន់ឆ្នើមសម្រាប់បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថលក្នុងតំបន់អាស៊ី ប្រចាំឆ្នាំ ២០២៤ (Asian Technology Excellence Awards 2024) ដែលរៀបចំឡើងដោយ The Asian Business Review។

The Asian Business Review គឺជាទស្សនាវដ្តីហិរញ្ញវត្ថុ និងធុរកិច្ចដ៏ល្បីមួយនៅអាស៊ី ហើយកម្មវិធី ពានរង្វាន់ឆ្នើមសម្រាប់បច្ចេកវិទ្យាក្នុងវិស័យធនាគារឌីជីថល (Asian Technology Excellence Awards) គឺជាកម្មវិធីពានរង្វាន់ដ៏ល្បីដែលទទួលស្គាល់នវានុវត្តន៍ករឆ្នើម និងដំណោះស្រាយបច្ចេកវិទ្យា ដែលកំពុងពង្រឹងឧស្សាហកម្មណាមួយនៅក្នុងប្រទេសរបស់ខ្លួន និងជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងតំបន់។ ពានរង្វាន់ដែលទទួលបាននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំ របស់ធនាគារ កាណាឌីយ៉ា ចំពោះយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ដែលផ្តោតលើការរួមបញ្ចូលបច្ចេកវិទ្យាទំនើបៗទៅក្នុងផលិតផល និងសេវាកម្មធនាគាររបស់ខ្លួន ដើម្បីផ្តល់នូវសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលសម្រាប់អតិថិជន។

ជាមួយនឹងគុណតម្លៃស្នូលដែលបានកែសម្រួលថ្មី គោរពតាមគោលការណ៍ ដែលផ្តោតសំខាន់ទៅលើនវានុវត្តន៍ និងអតិថិជនជាចំបង ធនាគារនៅតែបន្តគម្រោងបរិវត្តកម្មឌីជីថលឲ្យកាន់តែប្រសើរ ក្នុងការពង្រឹងប្រព័ន្ធអេកូឌីជីថលរបស់ខ្លួនបន្ថែមទៀត តាមរយៈការពង្រីកសេវាកម្មទូទាត់បែបឌីជីថល ដោយបន្ថែមមុខងារថ្មីៗទៅក្នុងកម្មវិធីទូរស័ព្ទដៃ Canadia Bank App មានដូចជាមុខងារស្កេនទូទាត់នៅប្រទេសថៃ និងការដាក់ឲ្យប្រើប្រាស់ប័ណ្ណនិមិ្មតថ្មី (Virtual Card)។ លើសពីនេះ ធនាគារក៏បានធ្វើកំណែទម្រង់ប្រព័ន្ធធនាគារតាមអ៉ីនធឺណិតសម្រាប់ក្រុមហ៊ុន ឲ្យកាន់ប្រសើរ និងការដាក់ឲ្យដំណើរការកម្មវិធី Merchant App និង Merchant Portal សម្រាប់អតិថិជនសាជីវកម្ម និងម្ចាស់អាជីវកម្ម ដើម្បីគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។ ធនាគារ កាណាឌីយ៉ា ក៏បានប្រែក្លាយ មជ្ឈមណ្ឌលធនាគារឆ្លាតវៃរបស់ខ្លួន ទៅជាមជ្ឈមណ្ឌលនវានុវត្ត ដែលមានទីតាំងនៅស្នាក់ការកណ្តាល ដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មី ដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងផ្តល់ជាសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនទៅដល់អតិថិជនផងដែរ។

ស្របតាមការតាំងចិត្តទៅលើគោលជំហរនៃបរិវត្តកម្មឌីជីថល ធនាគារ កាណាឌីយ៉ា ក៏បានបង្កើត "Centre of Excellence Portal" ដែលជាកម្មវិធីទូរស័ព្ទដៃនៅលើថេបប្លែត (tablet) ត្រូវបានរចនាឡើង ដើម្បីជាជំនួយទៅដល់បុគ្គលិកផ្នែកលក់ក្នុងការបើកគណនីធនាគារជូនអតិថិជនថ្មីភ្លាមៗ គ្រប់ទីកន្លែងនៅខាងក្រៅសាខារបស់ធនាគារ ដែលកម្មវិធីនេះ បំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ ក្នុងការការពារទិន្នន័យរបស់អតិថិជន ព្រមទាំងជួយដល់ដំណើរការក្នុងការបើកគណនីធនាគារជូនអតិថិជនផងដែរ។

ពានរង្វាន់ថ្នាក់តំបន់នេះ គឺជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់នូវបទពិសោធន៍ធនាគារយ៉ាងរលូន និងបត់បែន ដែលបំពេញតាមនិន្នាការទីផ្សារ និងតម្រូវការរបស់អតិថិជនជាច្រើន។ ដំណើរការឆ្ពោះទៅរកសមិទ្ធិផលនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគម្រោងយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ឥតឈប់ឈរ ដែលផ្តោតលើ ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម និងផលិតផលធនាគារ ស្របតាមតម្រូវការរបស់អតិថិជន និងការវិនិយោគទៅលើបច្ចេកវិទ្យាទំនើបចុងក្រោយ។

លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា "យើងខ្ញុំមានកិត្តិយសក្នុងការទទួលបានពានរង្វាន់នេះពីរឆ្នាំជាប់ៗគ្នា ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងខ្ញុំទៅលើនវានុវត្តន៍ភាពផ្នែកធនាគារបែបឌីជីថល"។ “ភាពជោគជ័យរបស់យើងខ្ញុំ គឺជាលទ្ធផលនៃការប្រឹងប្រែងរួមគ្នា ដែលឆ្លុះបញ្ចាំងពីការខិតខំបំពេញការងារយ៉ាងសស្រាកសស្រាំ របស់បុគ្គលិកដែលពាក់ព័ន្ធទាំងអស់ ក្នុងការជម្នះរាល់ឧបសគ្គដើម្បីជំរុញទៅដល់ការផ្តល់សេវាកម្មធនាគារបែបឌីជីថលឲ្យកាន់តែប្រសើរ។ នាពេលអនាគត យើងខ្ញុំនឹងបន្តវិនិយោគបន្ថែមទៀតទៅលើបច្ចេកវិទ្យាទំនើបៗ និងដំណោះស្រាយធនាគារបែបនវានុវត្តន៍ ក៏ដូចជាការវិនិយោគលើផ្នែកធនធានមនុស្ស ដើម្បីធានាបានថា ធនាគារ កាណាឌីយ៉ា នៅតែបន្តស្ថិតនៅជួរមុខនៃវិស័យធនាគារក្នុងប្រទេសកម្ពុជា»។

លោក Howard Lau អគ្គនាយកគ្រប់គ្រងព័ត៌មាន នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍បន្ថែមទៀតថា "ជាមួយនឹងការអបអរទៅលើសមិទ្ធិផលដ៏សំខាន់មួយនេះ យើងខ្ញុំនៅតែបន្តបរិវត្តកម្មឌីជីថល និងជម្នះរាល់ឧបសគ្គក្នុងការអភិវឌ្ឍនូវសេវាកម្មធនាគារ ដើម្បីបំពេញតម្រូវការអតិថិជន ដែលផ្តោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលបំផុត ក៏ដូចជាបរិយាប័ន្នហិរញ្ញវត្ថុ។ យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសេវាកម្មធនាគារ ដើម្បីឲ្យអតិថិជនសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ”។

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ជាមួយនឹងចំណែកទីផ្សារមួយដ៏ធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងឆ្នាំ២០២៤ បន្ថែមពីលើការទទួលស្គាល់ថ្មីៗនេះ ពីស្ថាប័នទស្សនាវដ្តីហិរញ្ញវត្ថុ The Asian Business Review ធនាគារ កាណាឌីយ៉ា បានទទួលពានរង្វាន់ ធនាគារឆ្នើមសម្រាប់សេវាកម្មរូបវន្តបុគ្គល ជាលើកទីបួន ទទួលស្គាល់ដោយស្ថាប័ន The Asian Banker និងទទួលបានពានរង្វាន់ជាលើកទី២ជា ធនាគារឆ្នើមសម្រាប់សាជីវកម្មនៅកម្ពុជា ទទួលស្គាល់ដោយស្ថាប័ន Euromoney ព្រមទាំងពានរង្វាន់ ធនាគារឆ្នើម សម្រាប់សហគ្រាសធុនតូច និងមធ្យម ពីស្ថាប័ន The Digital Banker។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ក៏បានទទួលពាន់រង្វាន់ចំនួនពីរ ថ្មីៗនេះ ពីស្ថាប័ន International Finance Awards ជាពានរង្វាន់ ធនាគារពាណិជ្ជដ៏ឆ្នើមបំផុត ជាលើកទី៦ និងពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្ម នៅកម្ពុជាឆ្នាំ២០២៤ ជាលើកដំបូង។

នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា មានបណ្តាញសាខាចំនួន ៦៨ ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង ៤៥០ ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) ម៉ាស៊ីនបើកគណនី (VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM)។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង