ភ្នំពេញ៖ ស្រ្តីជាជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក មានផ្ទុកវីរុសកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តជាលើកទី២ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយមនុស្ស០៧នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃ០២ តុលា ឆ្នាំ២០២០។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្រ្តីជាជនជាតិខ្មែរអាយុ ៣៣ឆ្នាំ ជាអ្នកស្នាក់នៅខេត្តបាត់ដំបងបានធ្វើតេស្តឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩ បន្ទាប់ពីស្ត្រីរូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក តាមរយៈជើងហោះហើរនៅប្រទេសចិន មកកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ស្រ្តីរូបនេះបានចាកចេញពីភ្នំពេញទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្តលើកទី០១ឃើញថាមិនមានផ្ទុកកូវីដ១៩។ ប៉ុន្តែ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ស្រ្តីរូបនេះ បានរកឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩ និងតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ទន្ទឹមនឹងលទ្ធផលវិជ្ជមានកូវីដ១៩នេះ ស្រ្តីខាងលើក៏បានប៉ះផ្ទាល់ជាមួយមនុស្សចំនួន០៧នាក់ ដែលមាន០៥នាក់ជាក្រុមគ្រួសារ និង០២នាក់ទៀតជាមិត្តភក្ភិរបស់អ្នកជំងឺ។
ជាមួយគ្នានេះដែរ ខាងក្រសួងសុខាភិបាលក៏បានចំណាត់ការលើរឿងនេះដែរ ប៉ុន្តែដោយសារស្ថានភាពអាកាសធាតុនៅខេត្តបាត់បំបងមិនអំណោយផល ដូច្នេះក្រសួងនឹងជម្រាបជូនពីលទ្ធផលនៅពេលក្រោយ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកូវីដ១៩សរុបចំនួន២៧៨នាក់ មានស្រ្តី៥៥នាក់ និងបុរស២២៣នាក់។ ដោយឡែកមានអ្នកជាសះស្បើយចំនួន២៧៥នាក់ និងមានអ្នកកំពុងសម្រាកព្យាបាលចំនួន០៣នាក់ផងដែរ៕
.jpg?1601607787)
