ភ្នំពេញ៖ នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមានចំនួន១៣២ក្បាលនៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញាបញ្ចាក់ពីនិន្នាការមានស្ថេរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។ ជាពិសេសកាលពីពេលថ្មីៗនេះ សត្វត្មាតចំនួន ១២៧ក្បាល ត្រូវបានកត់ត្រានៅ«ភោជនីយដ្ឋានត្មាត»ដែលចំនួននេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៣។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជ។
បន្ថែមពីនេះ ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក ថ្មីៗនេះបានតាមដាន និងកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។ ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលមានចំនួន ១៣២ ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣។ វត្តមានសត្វត្មាតនៅភោជនីយដ្ឋានត្មាតបានបំបែកកំណត់ត្រាថ្មីនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។
ចំនួនសត្វត្មាតបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរគឺ កង្វះអាហារ និងការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្ករអោយសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួនប្រាំបីត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។ នៅក្នុងឆ្នាំ២០២៤នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។
សូមជម្រាបថា នៅឆ្នាំ២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសំបុកជោគជ័យខ្ពស់គួរអោយកត់សម្គាល់រហូតដល់៨៧% ដោយមានកូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្កកំណើតជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា៕