ស្ទឹងត្រែង៖ គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលបានរៀបចំសាងសង់ជាពីរប្រភេទ បច្ចុប្បន្នសម្រេចការសាងសង់បានចំនួន ២៥% ខណៈរដ្ឋាភិបាលអាណត្តិថ្មីនេះបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ។ នេះបើយោងតាមគណីហ្វេសប៊ុនផេកផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមគណីហ្វេសប៊ុនផេកផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងផ្លូវជនបទ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរៀបចំសាងសង់ជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយតភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ១៥ ៧៥០ម៉ែត្រ ។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែង៕