Img 1426
Swift cc time

ធនាគារ កាណាឌីយ៉ា ចុះMOUជាមួយក្រសួងមហាផ្ទៃ ដើម្បីទូទាត់តាមប្រព័ន្ធ Cambodia e-Arrival

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ធនាគារ កាណាឌីយ៉ា ក.អ និង ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ៤ កញ្ញានេះ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក លើការប្រមូលកម្រៃទិដ្ឋការពីអតិថិជន ដោយភ្ជាប់ជាមួយប្រព័ន្ធអេឡិកត្រូនិក Cambodia e-Arrival។ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាព លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃធនាគារ កាណាឌីយ៉ា ក.អ។

ការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា គឺមានលោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ជាមួយ លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃធនាគារ កាណាឌីយ៉ា ក.អ ដោយមានលោ គៀត ច័ន្ទថារិទ្ធ តំណាងឱ្យ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសាក្សី។

លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធ Cambodia e-Arrival ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវបរទេសមកប្រទេសកម្ពុជា ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Cambodia e-Arrival (CeA) ក្នុងការស្នើសុំ ទទួលបាន E-Visa និង បំពេញសលាកបត្រ ជំនួសការបំពេញបែបបទជាទម្រង់ក្រដាស ព្រមទាំងការទូទាត់ចំណាយថ្លៃវីសា តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce - MPGS) របស់ ធនាគារ កាណាឌីយ៉ា គឺជាការស្រេច។

លោកមានជំនឿ ជឿជាក់ថា MOU នៅថ្ងៃនេះ នឹងជួយជំរុញនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និង វិនិយោគិន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និង ស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើន ផ្នែកបច្ចេកវិទ្យា។

គួរបញ្ជាក់ថា ប្រព័ន្ធ Cambodia e-Arrival គឺជាប្រព័ន្ធមួយជួយកាត់បន្ថយពេលវេលាបំពេញបែបបទចេញ និង ចូលរបស់អ្នកដំណើរ តាមរយៈការសម្រួលឱ្យពួកគេអាចឆ្លងកាត់ការបំពេញបែបបទអន្តោប្រវេសន្ត៍បានយ៉ាងឆាប់រហ័ស និង មានភាពងាយស្រួល។បើតាមផែនការ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការនៅក្នុងខែកញ្ញានេះ ខណៈកន្លងទៅប្រព័ន្ធនេះ ដាក់ឱ្យសាកល្បង តាមព្រលានយន្តហោះអន្តរជាតិធំៗទាំង៣របស់កម្ពុជាមានជាអាទិ៍៖អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និង ខេត្តព្រះសីហនុ៕

Khcct banner

អត្ថបទទាក់ទង