គិតចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួន ៣ ករណី ស្មើនឹង ៤ ២៣៩ គីឡូក្រាម។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៣០សីហានេះ។
ការបង្ក្រាបទំនិញហាមឃាត់ការនាំចូលនេះ គឺធ្វើឡើងដោយអង្គភាពគយ និងរដ្ឋាករក្រោមឱវាទរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដកហូតបានបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួន ៣ករណី ស្មើនឹង ៤ ២៣៩ គីឡូក្រាម។ នៅក្នុង ករណីទី១ ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ដោយរួមមាន ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កក ២៣៩ គីឡូក្រាម ។
ករណីទី ២ ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួមមាន ជើងទាបង្កក ១ ៦០០ គីឡូក្រាម ។
ករណីទី៣ ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួមមាន ចុងស្លាបមាន់បង្កក ២ ៤០០ គីឡូក្រាម។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបង្ក្រាប និងដកហូតសាច់បង្កកខូចគុណភាពទាំងនេះ មន្ត្រីជំនាញបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចចោលតាមវិធានជំនាញ៕