Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនចិនមានចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ភ្នំពេញ៖ ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេសការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នេះ ត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិស្ថាននិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកបានបញ្ជាក់ទៅកាន់ភាគីក្រុមហ៊ុនថា បច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា លោកក៏បានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃវីហូរវិនិយោគចិនមកកម្ពុជា។

លោក Wensheng Chen ប្រធានក្រុមហ៊ុន ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូក្រុមហ៊ុនព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្ដាក់ទុនវិនិយោគ។ លោក Wensheng Chen បានជម្រាបជូនអង្គប្រជុំថា ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។

ជាចុងក្រោយ លោក ជា វុទ្ធី បានអបអរសាទរចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេស វិស័យសំណង់ និងបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាការប្រើប្រាស់ថាមពលស្អាត។

លោកបន្ថែមថា ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង