សៀមរាប៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប។ ក្រសួងបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។
ក្នុងឱកាសនេះដែរ បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រីឌិត ទីណា បានសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់។
បន្ថែមនេះ អគ្គនាយកដ្ឋានកសិកម្មបានគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ដើម្បីចូលរួមចំណែកលើកស្ទួយកោសេយ្យវប្បកម្មនៅកម្ពុជា ដោយបានផ្តល់ពូជដង្កូវនាង និងពូជមន ក្នុងកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤ ដូចមានខាងក្រោម៖
• ពងដង្កូវនាងសូត្រស CK174 ចំនួន ២០ ០០០ពង ប្រភពពីអគ្គនាយកដ្ឋានកសិកម្ម
• ពងដង្កូវនាងសូត្រមាស ចំនួន ២០ ០០០ពង ប្រភពពីស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក
• គ្រាប់ពូជមនអ៊ីប្រ៊ីដ GQ2 ចំនួន ២០០ ក្រាម ប្រភពពីវៀតណាម
• កូនមន ចំនួន ៥០០កូន ប្រភពពីខេត្តកំពង់ស្ពឺ និង
• គ្រោងប្រគល់ដើមពូជមនបន្ថែមទៀតក្នុងខែកញ្ញាប្រមាណជា១០០០ដើម ឬ៥០បាច់ ឬ៥០០០គុម្ព
• ឯកសារបច្ចេកទេសបណ្តុះគ្រាប់មន បច្ចេកទេសដាំដុះមន ការចិញ្ចឹមដង្កូវនាង និងបច្ចេកទេសការផលិតជីកំប៉ុសិ៍ បច្ចេកទេសធ្វើផលិតកម្មពងដង្កូវនាង បច្ចេកទេសគ្រប់គ្រងជំងឺលើដង្កូវនាង និងបច្ចេកទេសស្រាវសរសៃសូត្រ។ល។