ព្រះសីហនុ៖ មនុស្ស២នាក់បានបាត់បង់ជីវិត និងរបួសធ្ងន់ស្រាល២៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងចំណុចក្បែរអនុវិទ្យាល័យស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ សីហានេះ។
បើតាមលោក សេង សូរីណា អធិការស្ដីទីនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា បានឱ្យដឹងបឋមថា នៅវេលាម៉ោងប៉ុន្មាន ៧:៥០នាទីព្រឹក ថ្ងៃទី២៨ សីហា ត្រង់ចំណុចក្បែរវិទ្យាល័យកំពង់សិលា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តតួររីសដឹកកម្មករនិងរថយន្តកុងតីន័រពណ៌សក្នុងទិសដៅមួយបញ្ជ្រាស់គ្នា បណ្ដាលឱ្យអ្នកបើករថយន្តតួររីសស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលមកដល់មន្ទីរពេទ្យ។
លោក សេង សូរីណា បានឱ្យដឹងទៀតថា ជនរងគ្រោះដទៃទៀត ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកស្រុកកំពង់សិលា និងរថយន្តសង្គ្រោះរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់សិលាដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺដែលនៅជិត។ ខណៈស្ថានភាពបែបណាបន្តទៀតនៅពុំទាន់ដឹងនៅឡើយទេ ៕