Cctimesw1140xh150cm copy

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន បានចុះអនុស្សរណៈយោគយល់ជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងការអប់រំនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំ ជាមួយនឹងបទពិសោធន៍ជាង ៣៣ឆ្នាំ នៅប្រទេសកម្ពុជា មានមោទនភាពក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន (ELT Education Co., Ltd.) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអប់រំឈានមុខគេមួយ ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈយោគយល់នេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី 14 ខែ សីហា ឆ្នាំ 2024 ដោយលោកស្រី ឈាង សោភា នាយិកានៃនាយកដ្ឋានហិរញ្ញវត្ថុបុគ្គល នៃធនាគារ កាណាឌីយ៉ា និងលោកជំទាវ ជា នាងអេង ប្រធាន និងជាអគ្គនាយិការបស់ក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន នៅការិយាល័យកណ្តាល របស់ធនាគារ កាណាឌីយ៉ាដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងពីរស្ថាប័ន ដែលបានបង្ហាញពីការចាប់ផ្តើមនៃភាពជាដៃគូរយុទ្ធសាស្រ្តក្នុងគោលបំណងផ្តល់នូវភាពងាយស្រួល នៃការទូទាត់ប្រាក់ និងអត្ថប្រយោជន៍ទៅដល់អតិថិជន និងបុគ្គលិក របស់ធនាគារ កាណាឌីយ៉ា ក៏ដូចជាសិស្សានុសិស្សរបស់ក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន។ ការចាប់ដៃគូររបស់ស្ថាប័នទាំងពីរ ក៏បានសរបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បទពិសោធន៍ទូទាត់ផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់ផ្នែកអប់រំប្រកបដោយគុណភាព ជូនទៅដល់អតិថិជន ក៏ដូចជាបុគ្គលិកទាំងទ្វេភាគី ហើយធនាគារ ក៏នៅតែបន្តអភិវឌ្ឍប្រព័ន្ធទូទាត់ ឲ្យកាន់តែរឹងមាំ និងទូលំទូលាយ ទាំងក្នុងស្រុក និងក្រៅប្រទេស។

លោកស្រី ឈាង សោភា នាយិកានៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ កាណាឌីយ៉ា បានសម្តែងនូវក្តីសាទរចំពោះការចុះអនុស្សរណៈយោគយល់ជាដៃគូរយុទ្ធសាស្ត្រមួយនេះ ដោយមានប្រសាសន៍ថា៖ “កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន បានបង្ហាញពីការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងបេសកកម្មរបស់យើងខ្ញុំ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពរហ័ស និងសុវត្ថិភាព ដល់អតិថិជនទាំងពីរភាគី។ ជាមួយគ្នានេះផងដែរធនាគារកាណាឌីយ៉ានឹងធ្វើការចែករំលែកអំពីចំណេះដឹងហិរញ្ញវត្ថុដើម្បីបណ្តុះទម្លាប់សន្សំប្រាក់ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ សម្រាប់ការគ្រប់គ្រងផែនការហិរញ្ញវត្ថុពេញមួយជីវិតជូនទៅដល់សិស្សានុសិស្សរបស់អុីអិលធី អេឌ្យូខេសិនផងដែរ។ តាមរយៈកិច្ចសហការគ្នាដ៏រឹងមាំរវាងស្ថាប័នទាំងពីរ យើងខ្ញុំមានការតាំងចិត្តរួមគ្នា ក្នុងការផ្តល់មធ្យោបាយទូទាត់ប្រាក់ ដែលងាយស្រួល គាំទ្រគ្នាក្នុងការបណ្តុះធនធានមនុស្ស និងលើកតម្កើងវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ តាមរយៈវិធីសាស្ត្រផ្សព្វផ្សាយដ៏សម្បូរបែបរបស់ស្ថាប័នទាំងពីរ។”

លោកជំទាវអគ្គនាយិកា ជា នាងអេង ក៏បានសម្តែងនូវការសាទរចំពោះភាពជាដៃគូនេះដែរ ដោយលើកឡើងថា៖ «កិច្ចព្រមព្រៀងនៅថ្ងៃនេះ គឺលើសពីការប្រកាស នៃកិច្ចសហការរបស់ក្រុមហ៊ុនទាំងពីរជាផ្លូវការ។ ការសហការនេះ គឺតំណាងឱ្យវិធីសាស្រ្តឆ្ពោះទៅមុខ នៃការរួមបញ្ចូលសេវាអប់រំ និងសេវាហិរញ្ញវត្ថុ។ តាមរយៈការចូលរួមនេះដែរ យើងប្តេជ្ញាផ្តល់ជូនបុគ្គលិក សិស្សានុសិស្ស និងអតិថិជនរបស់យើងនូវភាពងាយស្រួល និងអត្ថប្រយោជន៍ និងពង្រឹងបន្ថែមនូវបទពិសោធន៍របស់ធនាគារ កាណាឌីយ៉ាជាមួយក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន។»

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ជាមួយ នឹងចំណែកទីផ្សារមួយដ៏ធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងឆ្នាំ២០២៤ ធនាគារ កាណាឌីយ៉ា បានទទួលពានរង្វាន់ ធនាគារឆ្នើមសម្រាប់សេវាកម្មរូបវន្តបុគ្គល ជាលើកទីបួន ទទួលស្គាល់ដោយស្ថាប័ន The Asian Banker, ទទួលបានពានរង្វាន់ជាលើកទី២ជា ធនាគារឆ្នើមសម្រាប់សាជីវកម្មនៅកម្ពុជា ទទួលស្គាល់ដោយស្ថាប័ន Euromoney និងពានរង្វាន់ ធនាគារឆ្នើម សម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយស្ថាប័ន The Digital Banker។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ក៏បានទទួលពាន់រង្វាន់ចំនួនពីរ ថ្មីៗនេះ ពីស្ថាប័ន International Finance Awards ជាពានរង្វាន់ ធនាគារពាណិជ្ជដ៏ឆ្នើមបំផុត ជាលើកទី៦ និងពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្ម នៅកម្ពុជាឆ្នាំ២០២៤ ជាលើកដំបូង។ នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា មានបណ្តាញសាខាចំនួន ៦៨ ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង ៤៥០ ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) ម៉ាស៊ីនបើកគណនី (VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM)។

អំពី ក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន

ក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងជាគ្រឹះស្ថានអប់រំដ៏ល្បីមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយសហគ្រិនកម្ពុជា លោកជំទាវ ជា នាងអេង ដែលអ្នកស្រលាញ់ និងមានចក្ខុវិស័យខ្ពស់លើការអប់រំ។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងការផ្តល់បរិយាកាសសិក្សាប្រកបដោយការចិញ្ចឹមបីបាច់យ៉ាងម៉ត់ចត់ ដែលរៀបចំសិស្សឱ្យទទួលបាននូវភាពជោគជ័យទាំងក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ក៏ដូចជានៅក្នុងកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ និងភាសាអង់គ្លេសថ្នាក់ជំនាញសម្រាប់មន្រ្តីរាជការ និងបុគ្គលិកទូទៅផងដែរ។

ស្របតាមគោលការណ៍សំខាន់ៗរបស់ក្រុមហ៊ុន ក្រុមហ៊ុនមានសាខាចំនួន ៣ ដែលសាលាអន្តរជាតិ ប៊ើខឹលី មាន២សាខា និងវិទ្យាស្ថាន អុី.អិល.ធី មាន ១សាខា។ នៅដើមឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមហ៊ុននឹងបើកដំណើរការសាខាទី ៤ និងទី ៥ បន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង