ភ្នំពេញ៖ សាធារណរដ្ឋគុយបា បានបញ្ជាក់ជំហរយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និងជំរុញការនាំយកឱសថព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែម។ នេះជាការបញ្ជាក់របស់លោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនេះ លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។
ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈាន់ដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោលបំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើប្រព័ន្ធគាំពារសុខភាពបឋម ក្នុងប្រទេសកម្ពុជា និងការទទួលវេជ្ជបណ្ឌិតកម្ពុជា១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅសាធារណៈរដ្ឋគុយបា ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋគុយបា។
ភាគីទាំងពីរ បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាលនេះប្រទេសទាំងពីរ លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន និងជំរុញការនាំយកឱសថព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែម និងវិសាលភាពកិច្ចសហប្រតិបត្តិការផ្សេងៗបន្ថែម ក្រោមការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណៈរដ្ឋគុយបា ចាប់ពីឆ្នាំ២០២២៕