Cctimesw1140xh150cm copy

គណៈកម្មាធិការពិសេសចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង"ព្រែកជីកហ្វូណនតេជោ"

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង«ព្រែកជីកហ្វូណនតេជោ» ក្នុងខេត្តកណ្តាល និងខេត្តតាកែវ។ការចុះពិនិត្យនៅថ្ងៃនេះ អញ្ជើញចូលរួមចុះពិនិត្យនេះ រួមមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន ទឹកនិងឧតុនិយម, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្ត ខេត្តកណ្ដាល និង ខេត្តតាកែវ។

បេសកកម្មចុះពិនិត្យអនុវត្តគម្រោង បានធ្វើដំណើរតាមផ្លូវទឹកចេញពីចំណុចព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្តាល ទៅស្ទឹងអង្គរ និងស្ទឹងអូរកែវ ទីរួមស្រុកអង្គរបុរី ខេត្តតាកែវ រហូតដល់​ព្រំប្រទល់​កម្ពុជា-វៀតណាម ហើយបន្តចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាង​សង់​ទ្វារ​ទឹកនាវាចរណ៍ ត្រង់ទំនប់អូរតុំ ដែលជាសន្ទះផ្លូវទឹកព្រែកជីកហ្វូណនតេជោ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធានទី១ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រធានក្រុមការងារដឹកនាំបានថ្លែងថា បេសកកម្មនេះ ដើម្បីពិនិត្យជំរុញអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ហើយក្រោយបើកការរដ្ឋាននៅថ្ងៃទី ៥ សីហា ក្រុមការងារ ចុះសម្ភាសន៍ពលរដ្ឋតាមផ្លូវទឹកត្រៀមរៀបចំថវិកា ហើយឆាប់ៗនេះ លោកនឹងទៅចិនខែកញ្ញា ដើម្បីពន្យល់ពីគម្រោងដល់អ្នកវិនិយោគចិន ខណៈក្រុមហ៊ុនខ្មែរទទួលអនុវត្តគម្រោងនេះ បានចុះបញ្ជីរួចរាល់នៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។តាមគម្រោង៤៨ខែ នេះនឹងចប់តាមផែនការ ហើយក្រុមការងាររំពឹងថា ក្រុមអ្នកវិនិយោគនឹងជំរុញការអភិវឌ្ឍគម្រោងកាន់តែឆាប់រហ័ស។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានចាប់ផ្តើមការរដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ៥ សីហា ឆ្នាំ២០២៤។គម្រោងនេះ ត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រមានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និង មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និង មានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ជាគម្រោងសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និង ផ្លូវទឹកបុរាណ បានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណន មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និង ផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និង អាចកំណត់បរិមាណ និង អត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង