Cctimesw1140xh150cm copy

ពន្ធដារ៖គ្មានការបញ្ជូនមន្រ្តីពន្ធដារ«ដើរប្រមូលប្រាក់»តាមអាជីវកម្មដ្ឋានឡើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងដល់អ្នកជាប់ពន្ធ និង ប្រជាពលរដ្ឋទូទៅឱ្យបានដឹងថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន,អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថា មាន ជនខិលខូចមួយក្រុមតូចដែលក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និង អាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវ។ អគ្គនាយកដ្ឋានពន្ធដារបាបញ្ជាក់ថា ករណីខាងលើនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រឡំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គលជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបថាដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារបានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ ការប្រកាសនិងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារ ឬតាមអនឡាញដោយផ្ទាល់តែម្តង ក្នុងនោះជាអាទិ៍មាន ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-filing), ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (TOI E-filing), កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Pre-filing app), ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (E payment system)។

ទន្ទឹមនឹងការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីដើម្បីគ្រប់គ្រងនិងប្រមូលចំណូលពន្ធអគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំប្រព័ន្ធ និងកម្មវិធីដើម្បីសម្រួលលើការផ្តល់សេវាជូនអ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ជាពិសេស កម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app)ដែលផ្តល់លទ្ធភាពយ៉ាងពិសេសជូនដល់អ្នកជាប់ពន្ធអាចធ្វើការត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រីដើម្បីបញ្ជាក់អត្តសញ្ញាណជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារពិតប្រាកដ ដោយគ្រាន់តែស្ទែនលើបារកូដ QR កូដ លើលិខិតឬប័ណ្ណសម្គាល់ខ្លួន អាចទទួលបានព័ត៌មានភ្លាម, ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធថាពិតជាបង្កាន់ដៃត្រឹមត្រូវឬទេ, តាមដាននិងត្រួតពិនិត្យដំណើរការឯកសារ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមអំពាវនាវដល់ អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្ន និងសូមពិនិត្យឱ្យបានច្បាស់លាស់ក្នុងករណីមានបុគ្គលណាដែលមិនមានឯកសណ្ឋានមន្ត្រីពន្ធដារនិងមិនមានប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវ ចុះតាមអាជីវកម្មដ្ឋានរបស់អស់លោក លោកស្រី ក្នុងគោលដៅប្រមូលប្រាក់ពិសេសលើកឡើងថាប្រមូលប្រាក់ពន្ធ និងដោយគ្មានលិខិតបេសកកម្មនិងបញ្ជាក់ពីអង្គភាពច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បានដោយកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) បុគ្គលនោះគឺពុំមែនជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារនោះឡើយ។

ក្នុងករណីនេះ អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវដល់ អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ៦ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ១២៧៧ (ឥតគិតថ្លៃ) ដើម្បីអគ្គនាយកដ្ឋានពន្ធដារពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់លើករណីនោះ ឬជូនដំណឹងនិងដាក់ពាក្យប្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចំពោះករណីក្លែងបន្លំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង