ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ ទៅនឹងការឆ្លងរីករាលដាលជំងឺនៅតាមច្រកចេញ-ចូលប្រទេស ដោយបច្ចុប្បន្ន មានការផ្ទុះឡើងនៃជំងឺអឹមផក (Mpox) ដែលអង្គការសុខភាពពិភពលោកបានប្រកាសជាគ្រោះអាសន្ន សុខភាពសាធារណៈគួរឱ្យព្រួយបារម្ភជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ក៏មានការរីករាលដាលជំងឺផ្តាសសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។ យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានជំងឺផ្តាសសាយបក្សី ចំនួន ៧២ករណី (ស្លាប់ ៤៣ករណី) និងជំងឺអឹមផក ចំនួន ២០ករណី (គ្មានករណីស្លាប់)។
ក្រសួងសុខាភិបាល ក្នុងបរិការណ៍នេះ ស្នើឲ្យមន្រ្តីនៃក្រសួង យកចិត្តទុកដាក់ក្នុងការតាមដាន និងទប់ស្កាត់ជំងឺឆ្លងដែលអាចនាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស៕