សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៣សីហានេះ បានចេញសេចក្តីសម្រេចកែសម្រួល ម៉ោង«បិទ-បើក» ចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាមួយកម្រិតថែមទៀត ព្រមទាំង រក្សាបានទាំងសុវត្ថិភាពប្រាសាទ និង ភ្ញៀវទេសចរ។
យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ចំពោះ ប្រាសាទភ្ញៀវទេសចរនិយមទស្សនាថ្ងៃរះប្រាសាទអង្គរវត្ត បើកម៉ោង ០៥៖០០នាទីព្រឹក និង បិទម៉ោង ១៨៖០០នាទីល្ងាច។ ក្រោយម៉ោង ១៨៖០០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវ ទេសចរដែលកំពុងទស្សនាក្នុងប្រាសាទ អាចបន្តការទស្សនារហូតដល់ម៉ោង ១៨៖៣០នាទីល្ងាច។
ចំណែក ប្រាសាទភ្ញៀវទេសចរនិយមទស្សនាថ្ងៃលិច ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទ ម៉ោង ១៩៖០០នាទីល្ងាច។ ក្រោយម៉ោង ១៩៖០០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុង បរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុងទស្សនាក្នុងប្រាសាទអាចបន្តការទស្សនា រហូតដល់ម៉ោង ១៩៖៣០នាទីល្ងាច។
ចំពោះប្រាសាទដទៃៗទៀត បើកម៉ោង ០៦៖០០នាទីព្រឹក និង បិទម៉ោង ១៨៖៣០នាទីល្ងាច។ ក្រោយម៉ោង ១៨៖៣០នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុង ទស្សនាក្នុងប្រាសាទអាចបន្តការទស្សនារហូតដល់ម៉ោង ១៩៖០០នាទីល្ងាច