681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន កើនដល់ជាង៩ពាន់លានដុល្លារក្នុងរយៈពេល៧ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៩១៩៦.៤២ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ កើនឡើង ១៣.២៦ ភាគរយ បៀធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាស៊ានក្នុងទឹកប្រាក់ចំនួន ២,៩៩៩.៨២ លានដុល្លារអាម៉េរិក កើនឡើង ៩.៣៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយនាំចូលវិញក្នុងទំហំទឹកប្រាក់ចំនួន ៦,១៩៦.៦០ លានដុល្លារ កើនឡើង ១៥.១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ក្នុងនោះ កម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាមច្រើនជាងគេ គឺចំនួន ២,២០១.៩៨ លានដុល្លារ កើនឡើង៣៧.៦៦ ភាគរយ, បន្ទាប់មកថៃ ៤៩៩.១៤ លានដុល្លារ ធ្លាក់ចុះ ១៣.២៣ ភាគរយ, សិង្ហបុរី ១១៨.៤៣ លានដុល្លារ ធ្លាក់ចុះ ៧៣.៥៧ភាគរយ, ម៉ាឡេស៊ី ៧៧.០២ លានដុល្លារ កើនឡើង ៤២.៧១ ភាគរយ, ឥណ្ឌូនេស៊ី ៦២.១៧ លានដុល្លារ កើនឡើង ១៥៥.៧៣ ភាគរយ, ហ្វីលីពីន ២៧.៥៣ លានដុល្លារ ធ្លាក់ចុះ ២៣ ភាគរយ, ឡាវ ១០.៥៩ លានដុល្លារ ២៧១.៩៩ ភាគរយ, ព្រុយណេ ២.៤៩ លានដុល្លារ ធ្លាក់ចុះ ២.៩៣ ភាគរយ, និង មីយ៉ាន់ម៉ា ០.៤៧ លានដុល្លារ ធ្លាក់ចុះ ៥៤.០៥ ភាគរយ។

គួរបញ្ជាក់ថា មុខទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕

Khcct banner

អត្ថបទទាក់ទង