តាកែវ៖ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះ ដោយសារពុលស្រាថ្នាំ នៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះទាំង៦រូបនេះ បានពិសាស្រាថ្នាំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។
មនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់ នៅស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ តាមការសាកសួរបង្ហាញថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគេបានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ សីហា មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។ លទ្ធផល តេស្តនិងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន«ក.ប.ប.» ឃើញថាមានផ្ទុកសារធាតុមេតាណុល កម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០.១% ។
ក្រោយមានករណីស្លាប់ដោយសារពុលស្រា ក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើត ហេតុ ឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រានិងទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ។
សូមជម្រាបថា ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៤ មានការពុលស្រា ស ឬស្រាថ្នាំ សរុបចំនួន៥១៧នាក់ ក្នុងនោះមនុស្ស៨៩នាក់ត្រូវបានស្លាប់។ ដូច្នេះក្រសួងសុខាភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំង និងអ្នកពាក់ព័ន្ធ នៅទូទាំងរាជធានី-ខេត្តទាំងអស់ បញ្ឈប់ការប្រើប្រាស់មេតាណុលលាយស្រា ឬលាយទឹកធ្វើស្រា ដែលនាំឱ្យបំផ្លាញសុខភាព និងជីវិតមនុស្ស រួមគ្នា បញ្ឈប់ការទិញ លក់ ផលិត ឬបរិភោគស្រា ស និងស្រាថ្នាំ ដែលផលិតមានប្រភពមិន ច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕