ភ្នំពេញ៖ ចាប់ពីឆ្នាំ១៩៩៦ ដល់ខែកក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨វត្ថុ ត្រូវបានប្រគល់មកកម្ពុជាវិញ ពីប្រទេសចំនួន១៥។ នៅក្នុងនោះវត្ថុចំនួន ៥៧១វត្ថុ ប្រគល់ដោយសប្បុរសជន និង ៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា។
ក្នុងរយៈពេលជាង២៨ឆ្នាំ វត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨វត្ថុ ត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ ដោយសហរដ្ឋអាម៉េរិក បារាំង អូស្ដ្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា អាល្លឺម៉ង់ ដាណឺម៉ាក ហុងគ្រី ណ័រវេស និងចិន។
តួយ៉ាង ដូចជាថ្ងៃទី២២ សីហា នេះ កម្ពុជាទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧១រូប តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និង តាមផ្លូវតុលាការ ត្រូវបានប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និង សារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង ឯកជននានានៅសហរដ្ឋអាម៉េរិក។
រាជរដ្ឋាភិបាលកម្ពុជា បានហៅការត្រឡប់មកវិញនៃវត្ថុបុរាណខ្មែរ ដែលជាដួងព្រលឹងដូនតានេះ គឺដោយសារកម្ពុជាមានសុខសន្តិភាព និង មានជំនឿទុកចិត្តពីមិត្តបរទេស។ពលរដ្ឋកម្ពុជាទាំងមូលបាន បង្ហាញពីមោទនភាព និង សេចក្តីរំភើបរីករាយឥតឧបមា ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និង ជាអត្តសញ្ញាណជាតិ។
តាមគម្រោង កម្ពុជាកំពុងរៀបចំឯកសារ ដើម្បីដឹកជញ្ជូនបុរាណវត្ថុចំនួន ៧៦ អង្គ/បំណែកបន្ថែមទៀត មកពីចក្រភពអង់គ្លេស។នេះបើយោងតាមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕