Img 1426
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-អាសិប កើនដល់ជិត២០ពាន់លានដុល្លារក្នុងរយៈពេល៧ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាសិប សម្រេចបានក្នុងទឹកប្រាក់ចំនួន ១៩,៨៧២.២៤ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ កើនឡើង ១៦.៨២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាការណ៍ រយៈពេល៧ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្ដាប្រទេសជាសមាជិកអាសិបក្នុងទំហំទឹកប្រាក់ចំនួន ៥,១៩៩.៦៧ លានដុល្លារ កើនឡើង ១៣.២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយបាននាំចូលវិញក្នុងទំហំទឹកប្រាក់ចំនួន ១៤,៦៧២.៥៧ លានដុល្លារ កើនឡើង ១៨.១៣ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ប្រទេសជាសមាជិកអាសិប រួមមាន ប្រទេសទាំង១០របស់អាស៊ានក្នុងទំហំទឹកប្រាក់ បូករួមប្រទេសអូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ ក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបាន ៩,១៩៦.៤២ លានដុល្លារ, កម្ពុជា-អូស្រ្តាលី ២៩៨.០៥ លានដុល្លារ, កម្ពុជា-ចិន ៨,៧២៣.៥៧ លានដុល្លារ, កម្ពុជា-ជប៉ុន ១,១៥៣.៩៣ លានដុល្លារ, កម្ពុជា-កូរ៉េខាងត្បូង ៤៧៩.១៩ លានដុល្លារ, កម្ពុជា-នូវែលសេឡង់ ២១.០៨ លានដុល្លារ។

គួរបញ្ជាក់ថា មុខទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕

Khcct banner

អត្ថបទទាក់ទង