ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ឈានមុខគេ និងធំជាងគេមួយនៅប្រទេសកម្ពុជា មានមោទនភាព ក្នុងការដាក់ឲ្យដំណើរការសេវាកម្មអាទិភាពរបស់ខ្លួននាពេលថ្មីៗនេះ។ ជាមួយនឹងការរចនាឡើង ដើម្បីបំពេញនូវតម្រូវការផ្ទាល់ខ្លួនរបស់អតិថិជន សេវាកម្មអាទិភាពនេះ សរបញ្ជាក់អំពីការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែប នៃសេវាកម្មធនាគារបែបឯកជនភាព និងល្អឥតខ្ចោះជូនដល់អតិថិជន។
ជាមួយនឹងប្រវត្តិពោពេញដោយភាពជោគជ័យ និងកិត្តិនាមដ៏ល្អនៅក្នុងវិស័យធនាគារ ក៏ដូចជាមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនផងនោះ ធនាគារ កាណាឌីយ៉ា បានស្គាល់ និងសិក្សាយ៉ាងច្បាស់នូវតម្រូវការ និងចំណូលចិត្តបែបខុសៗគ្នារបស់អតិថិជនម្នាក់ៗ។ ដូច្នេះ សេវាកម្មអាទិភាពនេះ ត្រូវបានរចនាឡើងដើម្បីបំពេញទៅតាមតម្រូវការខុសៗគ្នារបស់អតិថិជន ដោយផ្តល់ជូននូវអត្ថប្រយោជន៍បែបឯកជនដ៏ពិសេស ដែលឆ្លុះបញ្ចាំងអំពីអត្ថន័យដ៏ច្បាស់របស់សេវាកម្មធនាគារបែបប្រណិតនេះ។
បច្ចុប្បន្ននេះ សេវាកម្មអាទិភាពមានទីតាំងចំនួនប្រាំកន្លែងតាមសាខាមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលមានដូចជា សេវាធនាគារឆ្លាតវៃ ស្នាក់ការកណ្តាល (នៃវិមានកាណាឌីយ៉ា) សាខាអូឡាំព្យា សាខាកោះពេជ្រ សាខាចេនឡា និងសាខាខណ្ឌ៧មករា (អតីតសាខាអូឡាំពិក) បើកបម្រើការជូនអតិថិជន ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៤រសៀល និងថ្ងៃសៅរ៍ ចាប់់ពីម៉ោង ៨ព្រឹក រហូតដល់ ១១:៣០ព្រឹក។ តាមទីតាំងនីមួយៗមានកន្លែង សម្រាប់ទទួលអតិថិជនដែលផ្តល់នូវផាសុកភាពខ្ពស់ និងឯកជនភាព។ ក្រៅពីនេះ អតិថិជននឹងរីករាយជាមួយការផ្តល់ជូននូវសេវាកម្មធនាគារលឿនរហ័សលើសពីការរំពឹងទុក ជាមួយនឹងភេសជ្ជៈសំបូរបែបសម្រាប់ជាការស្វាគមន៍ និងការប្រើប្រាស់អុីនធឺណិតដោយឥតគិតថ្លៃ ដែលអត្ថប្រយោជន៍ទាំងអស់នេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់ភាពងាយស្រួលជូនទៅដល់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា។
អ្វីដែលធ្វើឲសេវាកម្មអាទិភាពនេះកាន់តែពិសេស គឺការជួបជាមួយនឹងប្រធានទំនាក់ទំនងអតិថិជន ក៏ដូចជាអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុដ៏ជំនាញ ដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈខ្ពស់។ បុគ្គលិកជំនាញទាំងនេះនឹងផ្តល់ជូនសេវាកម្មធនាគារ និងការប្រឹក្សាផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនយ៉ាងសកម្ម និងផ្ចិតផ្ចង់លើសពីការរំពឹងទុក ដោយធានាថារាល់តម្រូវការធនាគាររបស់អតិថិជន ត្រូវបានបំពេញជាមួយនឹងសេវាកម្មដ៏ល្អបំផុត។ លើសពីនេះ រាល់អតិថិជន នឹងទទួលបាននូវបទពិសោធន៍ធនាគារដែលគ្មានភាពរអាក់រអួល និងបត់បែនទៅតាមតម្រូវការ ដែលផុសចេញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់ប្រធានទំនាក់ទំនងអតិថិជន ដើម្បីបង្កើនការប្រាស័្រយទាក់ទងជាមួយអតិថិជនផ្ទាល់ឲ្យកាន់តែប្រសើរ។ បន្ថែមលើសពីនេះ អតិថិជនរបស់ សេវាកម្មអាទិភាព នឹងរីករាយជាមួយអត្ថប្រយោជន៍ដ៏សម្បូរបែបពីផលិតផល និងសេវាកម្មរបស់ ធនាគារ កាណាឌីយ៉ា ដែលស័ក្តិសមសម្រាប់ការរស់នៅបែបស៊ីវិល័យ។
លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងនាយិកាប្រតិបត្តិប្រតិបត្តិការ នៃធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា “រាល់សកម្មភាពដែលយើងខ្ញុំធ្វើតែងតែគិតគូរដល់អតិថិជនជាចំបង ហើយការដាក់ឲ្យដំណើរការសេវាកម្មអាទិភាពនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តដ៏ខ្ពស់ របស់យើងខ្ញុំក្នុងការផ្តល់នូវបទពិសោធន៍ធនាគាររលឿនរហ័សលើសពីការរំពឹងទុក និងល្អបំផុតបែបឯកជនភាពមួយ ដែលត្រូវបានរចនាឡើងសម្រាប់បំពេញនូវសេចក្តីត្រូវការរបស់អតិថិជននីមួយៗ។”
លោក Raymond Sia នាយកប្រតិបត្តិ និងសមាជិកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល របស់ធនាគារ កាណាឌីយ៉ា ក៏បានសម្តែងការសាទរផងដែរ ដោយបញ្ជាក់ថា “ជាមួយសេវាកម្មអាទិភាព យើងខ្ញុំមិនត្រឹមតែពង្រឹងបទពិសោធន៍ផ្នែកធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមជាមួយនឹងអតិថិជនផងដែរ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំចំពោះការបង្កើតថ្មី (នវានុវត្តន៍) និងឧត្តមភាព ដោយធានាថាអតិថិជនរបស់យើងខ្ញុំនឹងទទួលបានសេវាកម្មធនាគារដែលល្អឥតខ្ចោះជាមួយនឹងការផ្តល់ជូនបែបឯកជនភាព ដែលសម្រិតសម្រាំងយ៉ាងពិសេសពីធនាគារ កាណាឌីយ៉ា”។
សម្រាប់ព័ត៌មានបន្ថែមចំពោះសេវាកម្មអាទិភាព សូមចូលទៅកាន់គេហទំព័រ៖ https://www.canadiabank.com.kh/personals/premier-services ឬធ្វើការទំនាក់ទំនងមកកាន់ប្រធានទំនាក់ទំនងសេវាកម្មអាទិភាពតាមរយៈលេខទូរស័ព្ទ +85523 868 222។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានសេវាកម្មធនាគារពេញលេញ ហើយឈានមុខគេក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ជាមួយនឹងចំណែកទីផ្សារមួយដ៏ធំនៃប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងឆ្នាំ២០២៤ ធនាគារ កាណាឌីយ៉ា បានទទួលពានរង្វាន់ ធនាគារឆ្នើមសម្រាប់សេវាកម្មរូបវន្តបុគ្គល ជាលើកទីបួន ទទួលស្គាល់ដោយស្ថាប័ន The Asian Banker, ទទួលបានពានរង្វាន់ជាលើកទី២ជា ធនាគារឆ្នើមសម្រាប់សាជីវកម្មនៅកម្ពុជា ទទួលស្គាល់ដោយស្ថាប័ន Euromoney និងពានរង្វាន់ ធនាគារឆ្នើម សម្រាប់សហគ្រាសធុនតូច និងមធ្យម ដោយស្ថាប័ន The Digital Banker។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារ ក៏បានទទួលពាន់រង្វាន់ចំនួនពីរ ថ្មីៗនេះ ពីស្ថាប័ន International Finance Awards ជាពានរង្វាន់ ធនាគារពាណិជ្ជដ៏ឆ្នើមបំផុត ជាលើកទី៦ និងពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់ហិរញ្ញប្បទានពាណិជ្ជកម្ម នៅកម្ពុជាឆ្នាំ២០២៤ ជាលើកដំបូង។ នាពេលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា មានបណ្តាញសាខាចំនួន ៦៨ ទីតាំង ព្រមទាំងមានម៉ាស៊ីនស្វ័យសេវាធនាគារច្រើនជាង ៤៥០ ទូទាំងប្រទេសកម្ពុជា ដែលមានដូចជាម៉ាស៊ីនដកប្រាក់ (ATM) ម៉ាស៊ីនដាក់-ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) ម៉ាស៊ីនបើកគណនី (VTM) និងម៉ាស៊ីនបោះពុម្ពកាត (SEM)។