Cctimesw1140xh150cm copy

សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូ ស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្រសម្រាប់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូ បានស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា នៅតាមមន្ទីរពេទ្យរាជធានី ខេត្ត និងផ្នែកសង្គ្រោះបន្ទាន់ ដែលនេះជាផែនការអាទិភាពសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ទូទាំងប្រទេស។ ការស្នើនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួង សុខាភិបាល និងរួមចំណែកលើកកំពស់សុខភាពមាតា កុមារ និងទារក សុខុមាលភាពប្រជាជនកម្ពុជា និងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធថែទាំសុខភាព នៅប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរាត្បាតដោយជំងឺកូវីដ-១៩។

លោក Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិក បានលើកឡើងអំពីការខិតខំរវាងសុខាភិបាលនៃប្រទេសទាំងពីរលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការពង្រឹងសមត្ថភាពលើការទប់ស្កាត់ ស្វែងរក និងឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈពិភពលោក និងបានស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា នៅតាមមន្ទីរពេទ្យរាជធានី ខេត្ត និងផ្នែកសង្គ្រោះបន្ទាន់ ដែលនេះជាផែនការអាទិភាពសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ទូទាំងប្រទេស។

ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអរគុណដល់សហរដ្ឋអាមេរិក តាមរយៈសភាតំណាងរាស្រ្ត និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេសទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង