ភ្នំពេញ៖អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជា បានចែករំលែកនូវអត្ថប្រយោជន៍នៃការធ្វើជាគ្រូបង្រៀន។ការចែករំលែកនេះ ធ្វើឡើងក្នុងពេលដែលអ្នកឧកញ៉ាធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលតាមអ៊ិនធឺរណែតសំរាប់គ្រូបង្រៀនចិនក្នុងស្រុកនៅកម្ពុជាឆ្នាំ ២០២០ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ បន្ទប់សន្និសិទវីដេអូនៃវិមានកាណាឌីយ៉ា។
អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា អត្ថប្រយោជន៍នៃការធ្វើជាគ្រូបង្រៀនទីមួយអ្នកអាចអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់អ្នក;ទីពីរអភិវឌ្ឍជំនាញទំនាក់ទំនងរបស់អ្នក;ទីបីបង្កើនសមត្ថភាពកសាងខ្លួនឯង។ ទាំងនេះគឺជាល័ក្ខខ័ណ្ឌចំបងដែលនាំយើងទៅកាន់ភាពជោគជ័យ។
អ្នកឧកញ៉ា ពុង ឃាវសែ បានព្យល់តាមចំណុចថា ១. អភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់អ្នក។ ក្នុងនាមជាគ្រូបង្រៀន អ្នកត្រូវរៀបចំនិងដឹកនាំការសិក្សារបស់និស្សិតរាប់សិបនាក់ដែលមានអាយុខុសៗគ្នា ដើម្បីឱ្យពួកគេអាចរៀនសូត្របានល្អ និងស្ទាត់ជំនាញនូវចំណេះដឹងដែលពួកគេបានរៀន។ នេះពិតជាអាចបណ្ដុះសមត្ថភាពដឹកនាំរបស់អ្នកបាន។
២. អភិវឌ្ឍជំនាញទំនាក់ទំនងរបស់អ្នក។ សិស្សជាច្រើនគឺមានមតិច្រើន នេះហើយទាមទារការសម្របសម្រួល និងការប្រាស្រ័យទាក់ទងរបស់គ្រូ នេះជាការបង្ហាញជំនាញទំនាក់ទំនងរបស់អ្នក។
៣. ដើម្បីបង្កើនសមត្ថភាពកសាងខ្លួនឯង និស្សិតមានប្រវត្តិគ្រួសារផ្សេងៗគ្នា។ អ្នកខ្លះជាអាជីវករ អ្នកខ្លះជាកម្មករ និងខ្លះទៀតជាមន្ត្រីរាជការ។ តាមរយៈការស្វែងយល់ពីសាវតារបស់សិស្ស និងការទាក់ទងជាមួយឪពុកម្តាយរបស់សិស្ស អ្នកនឹងដឹងពីស្ថានភាពសង្គមជាច្រើន និងបង្កើនចំណេះដឹងសង្គមរបស់អ្នក។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ថៅកែធំ ៗ ជាច្រើនក៏ធ្លាប់ធ្វើជាគ្រូបង្រៀនដែរ។ ឧទាហរណ៍ លោក ជែកម៉ា ក្នុងនាមជាគ្រូបង្រៀនបានបណ្តុះជំនាញទំនាក់ទំនងរបស់គាត់ ហើយធ្វើអោយគាត់ក្លាយជាមនុស្សដ៏ជោគជ័យនៅក្នុងប្រទេសចិន។ មានទៀតដូចជាឧកញ្ញ៉ា ឡៅ ម៉េងឃីន ធ្លាប់ជាគ្រូបង្រៀននិងជានាយកសាលា ឥឡូវជាសមាជិកព្រឹទ្ធសភា និងជាមេដឹកនាំនៃសង្គមខ្សែសាឡាយចិនដ៏សំខាន់ម្នាក់។ ឧកញ្ញ៉ា កុក អាន ក៏ធ្លាប់ជាគ្រូបង្រៀនដែរ ហើយឥឡូវគាត់ជាអ្នកជំនួញជោគជ័យខ្លាំងណាស់។
សម្រាប់អ្នកឧកញ៉ា ចង់ក្លាយជាគ្រូបង្រៀន ហើយស្ទើរតែក្លាយជាគ្រូបង្រៀនហើយ។ នៅឆ្នាំ ១៩៦៦ នៅពេលដែលអ្នកឧកញ៉ា មានអាយុ ១៨ ឆ្នាំ ក្រុមប្រឹក្សាភិបាលនៃសាលារៀន ឃី ហួរ នៅស្រុកឧដុង្គ មានការខ្វែងគំនិតគ្នាជាមួយនាយកសាលា ដូច្នេះបានឲ្យអ្នកឧកញ៉ា រកគ្រូម្នាក់សម្រាប់សាលា។ ភ្លាមៗ អ្នកឧកញ៉ា បានណែនាំមិត្តម្នាក់ គឺលោក យាក ជាជនជាតិចិនខិ មកពីខេត្តស្ទឹងត្រែង ដែលទើបតែទទួលបាន“ វិញ្ញាបនប័ត្របង្រៀន” ។
បន្ទាប់ពីបានទាក់ទងគ្នា ក្រុមប្រឹក្សាភិបាលបាននិយាយថា លោក យាក គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាគ្រូបង្រៀន ប៉ុន្តែគាត់មិនចេះនិយាយភាសាទៀជីវទេ ដូច្នេះសូមឲ្យខ្ញុំមកធ្វើជាគ្រូបង្រៀនវិញ។ នៅគ្រានោះ ក្នុងចិត្តអ្នកឧកញ៉ា មានភាពត្រេកអរណាស់ ហើយអ្នកឧកញ៉ា បានប្រាប់ទៅអ្នកផ្ទះភ្លាមៗ ថាខ្ញុំចង់ធ្វើជាគ្រូបង្រៀន។ ប៉ុន្តែឪពុកអ្នកឧកញ៉ា មិនយល់ព្រម គាត់បាននិយាយថាត្រូវតែយកចិត្តទុកដាក់ចំពោះអាជីវកម្មក្នុងហាង ជាពិសេសនៅពេលប្រធានគ្រប់គ្រងនៃហាងនេះបានទៅសួរសុខទុក្ខសាច់ញាតិនៅប្រទេសចិនរយៈពេល ៣ ខែ ឪពុកអ្នកឧកញ៉ា មិនចង់ប្រើអ្នកខាងក្រៅ គាត់ត្រូវការអ្នកឧកញ៉ា មើលការខុសត្រូវអាជីវកម្មក្នុងហាង។
អ្នកឧកញ៉ា មានការស្ទាក់ស្ទើរក្នុងការបោះបង់ចោលឱកាសក្លាយជាគ្រូបង្រៀននេះ ដូច្នេះអ្នកឧកញ៉ា បានសួរទៅអតីតគ្រូប្រចាំថ្នាក់របស់អ្នកឧកញ៉ា គឺ លោកគ្រូ ចាង ឈីង។ ទោះបីអ្នកឧកញ៉ា ចាក់ចេញពីសាលាអស់រយៈពេល ៣ ឆ្នាំហើយ តែអ្នកឧកញ៉ា នៅតែមានទំនាក់ទំនងជាមួយលោកគ្រូដដែល។ លោកគ្រូ ចាងឈីង បានប្រាប់អ្នកឧកញ៉ា ថា ឥឡូវនេះអ្នកកំពុងជួយគ្រួសារអ្នករកស៊ី អ្នកអាចរកលុយដើម្បីជួយដល់សង្គមនាពេលអនាគត នេះក៏ជាការចូលរួមចំណែកជួយដល់សង្គមផងដែរ។ ដូចនេះហើយអ្នកឧកញ៉ា មិនបានធ្វើជាគ្រូបង្រៀនទេ ហើយខ្ញុំនៅតែមានការសោកស្តាយរហូតមកដល់ពេលនេះ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជា បានសង្គត់ធ្ងន់ថា ធ្វើជាគ្រូបង្រៀននៅដំណាក់កាលនៃជីវិត គឺជាដំណើរជីវិតដែលបង្កើនចំណេះដឹងរបស់អ្នក។ ជាមួយនឹងបទពិសោធន៍ជាគ្រូបង្រៀន អ្នកអាចនឹងក្លាយជាសហគ្រិនដ៏ល្អម្នាក់៕