Cctimesw1140xh150cm copy

លំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់«សត្វត្រយងយក្ស»ដែលជិតផុតពូជ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

រតនគិរី៖ ចំនួនសត្វត្រយងយក្សពេញវ័យសរុបនៅក្នុងពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១៩៤ ក្បាលតែប៉ុណ្ណោះ ហើយពួកវាស្ទើរតែទាំងអស់ត្រូវបានរកឃើញថារស់នៅប្រទេសកម្ពុជា។ ជាមួយគ្នានោះ សត្វត្រយងយក្សប្រមាណ ១១% នៃចំនួនសត្វត្រយងយក្សសរុបក្នុងពិភពលោក កំពុងរស់នៅដែនជម្រកសត្វព្រៃលំផាត់។ នេះបើតាមលទ្ធផលនៃការធ្វើជំរឿនលើកទី៣ ពីចំនួនសត្វត្រយងយក្សនៅលំផាត់សម្រាប់ឆ្នាំ២០២៤ និងបានរកឃើញចំនួនសត្វត្រយងយក្សយ៉ាងហោចណាស់ ចំនួន ៣៣ ក្បាល។

ត្រយងយក្ស ដែលជាបក្សីនិមិត្តរូបរបស់កម្ពុជា និងជាប្រភេទសត្វកម្របំផុតមួយរបស់ពិភពលោក នៅតែបន្តប្រឈមនឹងបញ្ហាដ៏លំបាកក្នុងការអភិរក្ស ដោយសារការបាត់បង់ទីជម្រកដែលបណ្តាលមកពីការពង្រីកដីធ្វើកសិកម្ម ការកាប់ព្រៃឈើ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ កត្តាគំរាមកំហែងទាំងនេះ បានកាត់បន្ថយជម្រករបស់សត្វត្រយងយក្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យវាស្ទើរតែឈានទៅដល់ការផុតពូជ។

ពីមុន ត្រយងយក្សធ្លាប់ជាសត្វដែលមានវត្តមាននៅពាសពេញតំបន់ដីគោកក្នុងអាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ន បក្សីដ៏អស្ចារ្យមួយនេះ ត្រូវបានចុះជាប្រភេទសត្វដែលជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។ ចំនួនសត្វត្រយងយក្សពេញវ័យសរុបនៅក្នុងពិភពលោក ត្រូវបានគេប៉ាន់ប្រមាណ ថាមានតែប្រហែល ១៩៤ ក្បាលតែប៉ុណ្ណោះ ហើយពួកវាស្ទើរតែទាំងអស់ត្រូវបានរកឃើញថារស់នៅក្នុងប្រទេសកម្ពុជា និងថ្មីៗនេះត្រូវបានគេប្រទះឃើញមានមួយចំនួន បានហើរទៅនៅក្នុងប្រទេសឡាវ និងវៀតណាមផងដែរ។

បើតាមប្រសាសន៍របស់លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា «ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១% នៃចំនួនសត្វត្រយងយក្សសរុបក្នុងពិភពលោក។ ដោយផ្អែកលើលទ្ធផលនៃការធ្វើជំរឿន ដែលធ្វើឡើងនៅដើមឆ្នាំ២០២៤នេះ បានរកឃើញចំនួនសត្វត្រយងយក្សយ៉ាងហោចណាស់ ចំនួន ៣៣ ក្បាល ដែលចំនួននេះមានស្ថិរភាពបើប្រៀបធៀបទៅនឹងព័ត៌មានមូលដ្ឋានឆ្នាំ ២០១៩។ នេះគូសបញ្ជាក់សារជាថ្មីថាលំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វបក្សីដ៏ កម្រមួយនេះ និងមានបណ្ដុំសត្វត្រយងយក្សជ្រកកោនច្រើនបំផុតមួយនៅក្នុងពិភពលោក។»

លោក ប៊ូ វរសក្ស បានបន្ថែមថា លទ្ធផលជំរឿននេះ បានធ្វើឱ្យយើងមានជំនឿយ៉ាងមុតមាំទៅលើតម្លៃរបស់ដែនជម្រកសត្វព្រៃលំផាត់ សម្រាប់សត្វត្រយងយក្ស។ យើងនឹងបន្តផ្ដោត លើការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងពង្រឹងយុទ្ធសាស្ត្រអភិរក្ស ដើម្បីធានាឱ្យបាន នូវការរស់រានមានជីវិតរបស់បក្សីដ៏អស្ចារ្យនេះ។

សូមជម្រាបថា ជំរឿនសត្វត្រយងយក្សឆ្នាំ២០២៤ នៅស្រុកលំផាត់ បានប្រើវិធីសាស្ត្រស្តង់ដាមួយ ក្នុង ការវាស់ស្ទង់និន្នាការចំនួនសត្វប្រភេទជិតផុតពូជបំផុតមួយនេះ ដើម្បីត្រួសត្រាយផ្លូវដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ ជំរឿននេះគឺជាផ្នែកមួយនៃគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង ធ្វើការឆ្ពោះទៅរកការបង្កើតឥណទានកាបូន ដោយកាត់បន្ថយការកាប់បំផ្លាញ និងការបាត់បង់ព្រៃឈើ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង