681 ezgif.com resize
Swift cc time

ខ្យល់មូសុងនិរតីនឹងបង្កើនឥទ្ធិពលខ្លាំងមកលើកម្ពុជា បណ្តាលឲ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ -Andaman និងឈូងសមុទ្រថៃនឹងបង្កើនឥទ្ធិពលខ្លាំងមកលើកម្ពុជា។ ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំនៅតំបន់មួយចំនួនរួមមាន តំបន់វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរភ្នំ និងតំបន់ភ្នំ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនោះនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ។ តំបន់ខ្ពង់រាបមានខេត្ត កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ្រមានខេត្ត កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ រលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងមធ្យមអតិបរមា ២,៥០ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួង បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសតាមបណ្តាខេត្តដែលបានជម្រាបជូន អំពីស្ថានភាពធាតុអាកាសដូចជា ផ្គរន្ទះ ខ្យល់កន្ត្រាក់ភ្លៀងខ្លាំង ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

Khcct banner

អត្ថបទទាក់ទង