Cctimesw1140xh150cm copy

កម្ពុជាទទួលបានជើងហោះហើរទ្វេទិសជិត៣ម៉ឺនជើងក្នុងឆមាសទី១ឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(ទិដ្ឋភាពភ្ញៀវជាតិ អន្តរជាតិ ចេញ-ចូល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី១សីហា ឆ្នាំ២០២៤) (រូបភាព៖ @សហការី)

ភ្នំពេញ៖ គិតចាប់ពីដើមខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ចំនួនជើងហោះហើរចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិទាំងបី (PNH-REP-KOS/ ភ្នំពេញ-សៀមរាប-ព្រះសីហនុ) របស់កម្ពុជា មានចំនួន ២៨,៧២៥ ជើង ក្នុងនោះ ជើងហោះហើរអន្តរជាតិ មានចំនួន ២៥,៩១៧ ជើង (ទ្វេទិស) ជើងហោះក្នុងស្រុក មានចំនួន ២,៨០៨ ជើង (ទ្វេទិស) (មិនរាប់បញ្ជូលការហោះហើររំលង និងការហោះហើរផ្សេងៗ)។ នេះបើតាមរបាយការណ៍ដែលផ្តល់មកស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា។

បើតាមរបាយការណ៍ រយៈពេល៦ខែឆ្នាំ២០២៤នេះ ចំនួនអ្នកដំណើរ ចេញ-ចូល មានប្រមាណជាង ៣លាននាក់ (៣,០៣៦,៩៤៤ នាក់) ក្នុងនោះ អ្នកដំណើរអន្តរជាតិ(ក្រៅស្រុក) មានចំនួន ២,៨៨៤,៧៤៦នាក់ (ទ្វេទិស) អ្នកដំណើរក្នុងស្រុក មានចំនួន ១៥២,១៩៨នាក់ (ទ្វេទិស)។

ទំនិញតាមផ្លូវអាកាស (Cargo/Freight) ចេញ-ចូល (ទ្វេទិស) មានប្រមាណជិត ៣៥ ពាន់តោន (៣៤,៧៩៣,៤៣១ គ.ក្រ) ក្នុងនោះ ទំនិញតាមផ្លូវអាកាសអន្តរជាតិ(ក្រៅស្រុក) ស្ទើរតែទាំងស្រុងទំនិញតាមផ្លូវអាកាសក្នុងស្រុកមានចំនួនតិចតួច។

ដោយឡែកសម្រាប់រយៈពេល ៦ខែ (មករា-មិថុនា) ឆ្នាំ២០២៤ ចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VDPP/PNH) មានចំនួនជិត ២០ពាន់ជើង (១៩,៨៨៧ ជើង) និងអ្នកដំណើរចេញ-ចូល មានចំនួន ២,២៨១,៤៩៩នាក់។ ចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (VDSR/SAI) មានចំនួនជិត ៨ពាន់ជើង (៧,៧៩០ជើង) និងអ្នកដំណើរចេញ-ចូលមានចំនួនជិត ៧២០ ពាន់នាក់ (៧១៩,៩៨២នាក់)។ ចំនួនជើងហោះហើរ ចេញ-ចូល (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (VDSV/KOS) មានចំនួនជាង ១ពាន់ជើង (១,០៤៨ ជើង) និងអ្នកដំណើរចេញ-ចូលមានចំនួនជាង ៣៥ពាន់នាក់ (៣៥,៤៦៣នាក់)។

សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VDPP/PNH) មានចំនួនអ្នកដំណើរកើនឡើងប្រមាណ ១៨.០៣% ហើយចំនួនជើងហោះហើរកើនឡើងប្រមាណ ១២.៨៣% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ រីឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (VDSR/SAI) មានចំនួនអ្នកដំណើរកើនឡើងប្រមាណ ៣៧.០០% ចំនួនជើងហោះហើរកើនឡើងប្រមាណ ២៧.០០%។ ចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (VDSV/KOS) មានចំនួនអ្នកដំណើរកើនឡើងប្រមាណ ១២.៨៣% និង ចំនួនជើងហោះហើរកើនឡើងប្រមាណ ៣.៧៦%៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង