កណ្តាល៖ អភិបាលខេត្តកណ្តាល នៅថ្ងៃទី ២០ សីហានេះ បានចេញលិខិតព្រមានលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និង ក្រុងតាខ្មៅទាក់ទងនឹងការផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដោយគ្មានស្តង់ដារគុណភាពល្អ និង ប្រើប្រាស់មិនគ្រប់គ្រាន់។
ក្នុងលិខិតព្រមាននោះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានជូនដំណឹងដល់លោកស្រី ចាន់ ណារី ថា រដ្ឋបាលខេត្ត បានទទួលការរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្តត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់ ជាទឹកមានសភាពល្អក់ និង ប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើក ប៉ុន្តែបញ្ហានេះនៅតែបន្តអូសបន្លាយរហូតដល់បច្ចុប្បន្ននេះ។
លោក គួច ចំរើន បានជំរុញឱ្យម្ចាស់អាជីវកម្ម អនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតឱ្យបានល្អជូនប្រជាពលរដ្ឋ ក្នុងដែលអាជ្ញាបណ្ណរបស់ខ្លួន និង ទុកពេល១ខែ ដើម្បីកែលម្អបញ្ហា និង ភាពអសកម្មខាងលើ។ប្រសិនបើមិនកែប្រែទេ នោះរដ្ឋបាលខេត្តកណ្តាលនឹងចាត់វិធានការច្បាប់តាមនីតិវិធីជាធរមាន។