ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី ១៩ សីហានេះ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់បឋមពីប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទ«បាគងទេសចរ»សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីជួយសម្រួលដល់ភ្ញៀវចំណាយប្រាក់ពេលមកទស្សនាកម្ពុជា។ប្រព័ន្ធទូទាត់ប្រាក់ថ្មីនេះមានឈ្មោះថា Bakong Tourists បង្កើតឡើងដោយកូនខ្មែរ ហើយមានលើកដំបូងសម្រាប់ប្រទេសកម្ពុជា និង អាចចាយលុយជាប្រាក់រៀលខ្មែរ លើប្រទេសមួយចំនួន។
ប្រព័ន្ធទូទាត់ប្រាក់ Bakong Tourists ធនាគារជាតិនៃកម្ពុជា នឹងដាក់ផ្សព្វផ្សាយនៅតាមអាកាសយានដ្ឋាន និង ទ្វាអន្តរជាតិ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយអាចទាញយកកម្មវិធីនេះ ដើម្បីផ្ទេរប្រាក់ ក្នុងករណីភ្ញៀវទេសចរមិនមានប្រើកម្មវិធីធនាគារក្នុងស្រុក ភ្ញៀវទេសចរអាចប្រើប្រាស់ប័ណ្ណឥណទានពីប្រទេសកំណើតបានដូចជា៖ Visa, Master Card ឬ Union Pay។
Bakong Tourist ជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ ហើយមានដំបូងនៅប្រទេសកម្ពុជា ហើយកម្មវិធីនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរចូលទេសចរនៅក្នុងប្រទេសកម្ពុជា អាចចាយប្រាក់ដោយភាពងាយស្រួល។Bakong Tourists គឺជាប្រព័ន្ធបច្ចេកវិទ្យាថ្មីផ្សាភ្ជាប់ជាមួយប្រវត្តិសាស្ត្រខ្មែរជាមួយការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ហើយនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ ជាពិសេស ទេសចរចូលចិត្តជំនាញបច្ចេកវិទ្យាអាចសាល្បងប្រើប្រាស់ នឹងជួយឱ្យភ្ញៀវទេសចរអន្តរជាតិទទួលបាននូវបទពិសោធន៍ថ្មីពីកម្ពុជា ជួយផ្សព្វផ្សាយទៅទេសចរផ្សេងទៀត ពេលពួកគាត់វិលត្រឡប់ទៅប្រទេសកំណើតវិញ។
កម្មវិធីទូទាត់ប្រាក់ Bakong Tourists ភ្ញៀវទេសចរអន្តរជាតិអាចប្រើប្រាស់បានដោយគ្រាន់តែទាញយកកម្មវិធី Bakong Tourists ហើយភ្ជាប់ជាមួយ Email និង ឈ្មោះអ្នកទេសចរ ហើយផ្ទេរប្រាក់ចូលប្រព័ន្ធ Bakong Tourists ជាលុយរៀលខ្មែរ ហើយអាចចាយតាម QR ធនាគារនានានៅទូទាំងប្រទេសកម្ពុជា និង អាចចាយដល់ប្រទេសថៃ វៀតណាម និង ឡាវ នៅពេលខាងមុខទៀតអាចភ្ជាប់ជាមួយ ជប៉ុន កូរ៉េ ចិន បានថែមទៀតផង។
គួរបញ្ជាក់ថា នៅកម្ពុជាបច្ចុប្បន្នការទូទាត់ប្រាក់តាមប្រព័ន្ធ QR បានកើនឡើងខ្លាំងដោយគិតមកដល់ពេលបច្ចុប្បន្ននេះ អាជីវកម្មប្រើប្រាស់ QR មានប្រមាណជាង៣លាន៣សែនកន្លែង កន្លែងចាយជាកាតមាន ៥២៣៥៤ ម៉ាស៊ីន និង ទូរ ATM ដកលុយមាន ៥៦០០ទូរ។
ធនាគារជាតិ បានសង្កត់ធ្ងន់ថា Bakong Tourists មានសុវត្តិភាពខ្ពស់ ហើយក្នុងករណីទេសចរចាយលុយខុសក្នុងប្រព័ន្ធ ធនាគារជាតិ មានក្រុមការងារប្រចាំជួយដោះស្រាយទាន់ពេលវេលា។ហើយជាកម្មវិធី នឹងដោះស្រាយបញ្ហាដែលភ្ញៀវទេសចរជួបប្រទះនៅពេលប្រើប្រាស់ក្រដាស់ប្រាក់ធំៗដូចប្រាក់ដុល្លារ ជួយឱ្យការចាយវាយរបស់ទេសចរកាន់តែមានភាពងាយស្រួល និង សុវត្តិភាព៕