សៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”ត្រូវបានប្រកាសបើកជាផ្លូវការ ស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសមាគមសិល្បៈករខ្មែរ ក្រោមកិច្ចសហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីជំរុញផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប។
ព្រឹត្តិការណ៍បើកនេះ បានការអញ្ជើញចូលរួមជាអធិបតី សម្តេច ម៉ែន សំអន លោកស្រី ភឿង សកុណា និងអគ្គនាយក អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានសមាគមសិល្បៈករខ្មែរ តំណាងរដ្ឋបាលខេត្ដសៀមរាប លោក លោកស្រីតំណាងអង្គភាព មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សិល្បៈករ សិល្បៈការិនី អ្នកផលិតមាតិការម្ហូបអាហារ អាជីវករ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
សម្តេច ម៉ែន សំអន មានប្រសាសន៍ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” មានគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៍ ដើម្បីទេសចរណ៍លើទឹកដីប្រវត្តិសាស្រ្តអង្គរដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានប្រសាសន៍ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៍ដ៏រុងរឿងនៃបុព្វបុរសខ្មែរដ៏សំបូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយសីលធម៍សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាមក។
សម្តេច ម៉ែន សំអន បានលើកឡើងថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ក៏ជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបានងីបឡើងវិញ បន្ទាប់បានរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩។
សូមជម្រាបថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”ត្រូវបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ដោយសមាគមសិល្បៈករខ្មែរ ក្រោមកិច្ចសហការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសហព័ន្ធទេសចរណ៍។ សកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍ខាងលើរួមមាន៖ កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួម៕