ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយនៅប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាលើកទីបួនដោយស្ថាប័ន The Asian Banker (TAB) ប្រសិទ្ធិនាមជា ធនាគារបម្រើសេវារូបវន្តបុគ្គលឆ្នើមបំផុតនៅកម្ពុជា ក្នុងកម្មវិធីពានរង្វាន់ Global Excellence in Retail Services Awards ប្រចាំឆ្នាំ២០២៤។ ពានរង្វាន់នេះ គឺសរបញ្ជាក់អំពីការបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់អតិថិជននូវសេវាកម្ម ផលិតផល និងដំណោះស្រាយផ្នែកឌីជីថលដ៏ល្អបំផុត។
កម្មវិធីពានរង្វាន់ Global Excellence in Retail Financial Services Award របស់ស្ថាប័ន The Asian Banker (TAB) គឺជាកម្មវិធីពានរង្វាន់មួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដែលទទួលស្គាល់ទៅលើស្ថាប័នហិរញ្ញវត្ថុឆ្នើមជាច្រើន ដោយមានការផ្តោតសំខាន់ទៅលើ អតិថិជន សេវាកម្ម និងផលិតផលធនាគារសម្រាប់រូបវន្តបុគ្គល។ ក្រៅពីត្រូវការទទួលស្គាល់ថាជា ធនាគារបម្រើសេវារូបវន្តបុគ្គលឆ្នើមបំផុតនៅកម្ពុជា នៅក្នុងឆ្នាំ២០២០ ២០២១ ២០២៣ និង២០២៤ កន្លងមកនេះ ស្ថាប័ន The Asian Banker (TAB) ក៏បានទទួលស្គាល់ពីសមិទ្ធផល និងវិវឌ្ឍនភាពផ្សេងៗទៀត របស់ធនាគារ កាណាឌីយ៉ា ដោយកាលពីឆ្នាំ២០១៩ ធនាគារបានឈ្នះពានរង្វាន់ “The Strongest Bank by Balance Sheet” និងក្នុងឆ្នាំ២០២២ ឈ្នះពានរង្វាន់ “Best Managed Bank”។
ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ កាណាឌីយ៉ា ក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធន៍ធនាគារយ៉ាងរលូនឥតខ្ចោះ ដែលត្រូវបានកែសម្រួលដើម្បីបំពេញតាមតម្រូវការ និងសេចក្តីប្រាថ្នារបស់អតិថិជន។ ដំណើរឆ្ពោះទៅរកការសម្រេចបាននូវសមិទ្ធផលមួយនេះ គឺត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់ ជាមួយផែនការយុទ្ធសាស្ត្រជាបន្តបន្ទាប់របស់ធនាគារ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការផ្តល់ជូននូវ សេវាកម្ម ការពង្រឹងផលិតផល និងការវិនិយោគលើបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីផ្តល់ភាពងាយស្រួលយ៉ាងល្អបំផុតសម្រាប់អតិថិជន។
ធនាគារ កាណាឌីយ៉ា មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា លើដំណោះស្រាយផ្នែកធនាគារ ដែលផ្តោតលើអតិថិជនជាចម្បងក្នុងតម្រូវការផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំ២០២៣ គម្រោងជាច្រើនត្រូវបានបង្កើតឡើង និងយកមកអនុវត្ត សម្រាប់អភិវឌ្ឍន៍ការទូទាត់ក្នុងប្រព័ន្ធអេកូឡូស៊ីអោយកាន់តែរឹងមាំ និងមានវិសាលភាព ជាមួយនឹងការលើកកម្ពស់ប្រតិបត្តិការអនឡាញតាមរយៈប្រព័ន្ធឌីជីថល ដែលមានដូចជា កម្មវិធីទូរស័ព្ទដៃ Canadia Bank App សាខាធនាគារឆ្លាតវៃ និងម៉ាស៊ីនស្វ័យប្រវត្តិជាច្រើន។ Tablet ចល័តដែលបំពាក់ទៅដោយប្រព័ន្ធសុត្ថិភាពខ្ពស់ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីជាជំនួយ ទៅដល់បុគ្គលិកផ្នែកលក់ ក្នុងការបើកគណនីថ្មីជូនអតិថិជនពីគ្រប់ទីកន្លែង ដោយអតិថិជនមិនចាំបាច់មក សាខា ធនាគារ កាណាឌីយ៉ា ដើម្បីបើកគណនីនោះឡើយ។ បន្ថែមពីនេះទៅទៀត ធនាគារ កាណាឌីយ៉ា បានកែសម្រួលដំណើរការនៃការស្នើសុំឥណទាន ឲ្យកាន់តែប្រសើរ ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៅលើដំណោះស្រាយការទូទាត់ ជាមួយពាណិជ្ជករ KHQR ដៃគូរបង់ប្រាក់ និងការទូទាត់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ ដើម្បីបម្រើសេវាកម្មជូនអតិថិជនឲ្យកាន់តែប្រសើរឡើង។
ធនាគារក៏បានពង្រីកនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងជាច្រើន សម្រាប់សេវាទូទាត់ប្រាក់តាមប្រព័ន្ធបែបឌីជីថលអោយកាន់តែមានភាពងាយស្រួល និងរហ័ស ដែលអតិថិជនអាចបង់វិក្កយបត្រ ពន្ធអាករ ថ្លៃសេវាសាធារណៈផ្សេងៗ និងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម តាមរយៈប្រព័ន្ធអនឡាញ ឬតាមរយៈសាខាណាមួយរបស់ ធនាគារ កាណាឌីយ៉ា ទូទាំងប្រទេស។
ជាលទ្ធផល អាជីវកម្មលក់រាយបានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ ជាពិសេសទៅលើចំនួនគណនី អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Canadia Bank App បរិមាណចំណាយលើកាត ផលប័ត្រប្រាក់កម្ចីអតិថិជន និងបរិមាណប្រតិបត្តិការពាណិជ្ជករ។
លោក Raymond Sia នាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្គាល់ ពីស្ថាប័នផ្សព្វផ្សាយនានាដែលឈានមុខគេ ហើយមានកិត្តិនាមក្នុងតំបន់ និងអន្តរជាតិ ជាពិសេសស្ថាប័ន The Asian Banker។ ខណៈពេលដែលទទួលបានពានរង្វាន់រួមគ្នាជាមួយ លោកស្រីឈាង សុភា នាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល ក្នុងសន្និសីទ The Asian Banker (TAB)'s Finance Vietnam 2024 នៅទីក្រុងហាណូយ លោកមានប្រសាសន៍ដូចតទៅ៖
“ចំនុចសំខាន់នៃសមិទ្ធផលនេះ គឺជាការយកចិត្តទុករបស់យើងខ្ញុំក្នុងការបង្កើតបរិយាកាសមួយ ដែលផ្តោតសំខាន់លើអតិថិជនជាចំបង។ វិធីសាស្រ្តប្រកបដោយនវានុវត្តន៍របស់យើងខ្ញុំចំពោះសេវាធនាគារផ្នែក រូបវន្តបុគ្គល បាននាំមកនូវដំណោះស្រាយហិរញ្ញវត្ថុជាច្រើន ដែលបំពេញតម្រូវការរបស់អតិថិជន មិនថាពួកគេជាបុគ្គល អាជីវករ ឬស្ថាប័នរដ្ឋាភិបាលនោះទេ។ យ៉ាងណាមិញ បុគ្គលិករបស់យើងខ្ញុំ គឺជាផ្នែកមួយដ៏សំខាន់នៃភាពជោគជ័យនេះ ហើយក៏បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតឈបឈររបស់ពួកគេផងដែរ។”
បន្ថែមពីលើការយកចិត្តទុកដាក់សេវាកម្មអតិថិជន និងនវានុវត្តន៍ ធនាគារក៏បានបង្ហាញពីលទ្ធផលហិរញ្ញវត្ថុ ដ៏រឹងមាំ និងស្ថិរភាពផងដែរ។ ធនាគារ កាណាឌីយ៉ា បានប្រកាសអំពីប្រាក់ចំណេញសុទ្ធចំនួន ១០២លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ជាមួយនឹងអនុបាតប្រាក់កម្ចី ធៀបនឹងប្រាក់បញ្ញើនៅកម្រិតរឹងមាំគឺ៨០%។ ឆ្លុះបញ្ចាំងអំពីសមិទ្ធិផលហិរញ្ញវត្ថុទាំងនេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលរបស់ ធនាគារ កាណាឌីយ៉ា បានបញ្ចេញសារលិខិតរបស់លោកដែលត្រូវបានដកស្រង់ ចេញពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ បង្ហាញអំពី ការបន្តការប្តេជ្ញាចិត្តរបស់ធនាគារ នៅក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អបំផុតជូនទៅដល់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា។ ហើយលោកអ្នកឧកញ៉ាបណ្ឌិត ក៏មានប្រសាសន៍បន្ថែមទៀតថា៖
“យើងសូមបញ្ជាក់សារជាថ្មីនូវការសន្យារបស់យើងខ្ញុំចំពោះអតិថិជន ក្នុងការរក្សាតំណែងស្ថិតនៅជួរមុខ នៅក្នុងវិស័យធនាគារ ព្រមទាំងបន្តនវានុវត្ត និងរក្សាស្តង់ដារខ្ពស់នៃសេវាកម្មដែលមានគុណភាព។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនរបស់យើងខ្ញុំ សម្រាប់ការជឿទុកចិត្ត និងការបន្តប្រើប្រាស់សេវាកម្មធនាគារ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់។ ជាចុងក្រោយ យើងខ្ញុំនៅតែបន្ត និងឆ្ពោះទៅមុខ ដើម្បីទទួលបាននូវសមិទ្ធផលដ៏គាប់ប្រសើរ បន្ថែមទៀតនៅឆ្នាំខាងមុខ។”