ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជាច្រើនមកពីទីក្រុងសានថូវ ខេត្តក្វាងតុង បានមកទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង ជាមួយប្រទេសកម្ពុជា។ គោលបំណងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនេះ សម្ដេច ហ៊ុន ម៉ាណែត បានជួបជាមួយលោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូក្រុមហ៊ុនចំនួន០៩ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន។
លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានលើកឡើងថា ដំណើរទស្សនកិច្ចនាពេលនេះគឺមានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ។ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនសរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះបានសម្រេចបាននូវការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។ សម្ដេចបានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង០៩នេះដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សានេះរួមមាន៖១-ក្រុមហ៊ុន Honji Underwear Co., Ltd. ២-ក្រុមហ៊ុន Chaoyang Yiweitai Industrial Co., Ltd. ៣-ក្រុមហ៊ុន Guandong Wanfengrun Culture Co., Ltd. ៤-ក្រុមហ៊ុន Intop Intelligent Technology Co., Ltd. ៥-ក្រុមហ៊ុន Taienkang Pharmaceutical Co., Ltd. ៦-ក្រុមហ៊ុន Tianyi cold chain Logistics Group Co., Ltd. ៧-ក្រុមហ៊ុន Let's goose Co., Ltd. ៨-ក្រុមហ៊ុន Chengxin Agricultural Ecological Technology Co., Ltd. ៩-ក្រុមហ៊ុន Pengsheng Flavoring & Food Co., Ltd. ៕