តាកែវ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និង រៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី ១២ សីហាម្សិលមិញ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យទីតាំងភូមិសាស្រ្ត ផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅប្រឡាយ១៥ (ដោយជិះអូប័រ) នៅស្រុកអង្គបូរី ខេត្តតាកែវ។សម្រាប់ថ្ងៃនេះ លោករដ្ឋមន្ត្រី នឹងត្រូវចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោចេញទៅសមុទ្រកែប និងទីតាំងគំរូកំណត់និយាមកានៅឆ្នេរអង្កោល ទីរួមខេត្តកែប។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បេសកកម្មនេះធ្វើឡើង ដើម្បីបញ្ជាក់អោយបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និង អភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និង ដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និង ទាន់ពេលវេលា។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានចាប់ផ្តើមការរដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ៥ សីហា ឆ្នាំ២០២៤។គម្រោងនេះ ត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រមានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និង មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និង មានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ជាគម្រោងសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និង ផ្លូវទឹកបុរាណ បានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណន មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និង ផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និង អាចកំណត់បរិមាណ និង អត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕