Cctimesw1140xh150cm copy

កម្ពុជារកចំណូលបានចំនួន២៨០លានដុល្លារពីការនាំចេញអង្ករក្នុងរយៈពេល៧ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោន គិតជាទឹកប្រាក់បានចំនួន ២៨០លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសគោលដៅចំនួន៦៤ប្រទេស។ នេះបើតាមរបាយការណ៍ដែលផ្ដល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៧៩ ៥៤៦ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨៦ ៣៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៤៤.៩២ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ,២០៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨.២៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៧ ៩៣៣ តោន គិតជាទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៨ ០៣២ តោន គិតជាទឹកប្រាក់ចំនួន ៣៣.១៩ លានដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍បន្តថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៥២% ប្រភេទអង្ករស ធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨% ។

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៧១១,១៧៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧៨៤.៦០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨០.៥០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង