Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលកម្ពុជាចុះMOUជាមួយឥណ្ឌូនេស៊ីដើម្បីពង្រឹងវិស័យសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

វៀងចន្ទន៍៖ ក្រសួងសុខាភិបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសមភាគីឥណ្ឌូនេស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលព្រមទាំងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅរិតចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក ប៊ូឌី សាឌីគីន (HE Budi G. Sadikin)រដ្ឋមន្ត្រីសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (The 16th ASEAN Health Ministers Meeting and Related Meetings) នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលដ៏មមាញឹកនេះ លោក ឈាង រ៉ា បានចូលរួមផ្ដល់បទអន្តរាគមន៍បញ្ចាក់ពីគោលជំហរ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងជាមួយដៃគូសន្ទនា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនតំបន់អាស៊ាន។

ជាការសន្និដ្ឋាន កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ និងបានដាក់ចេញនូវសេចក្តីសម្រេចដ៏មានសារៈសំខាន់តាមរយៈសេចក្ដីថ្លែងការណ៍រួម ដើម្បីកំណត់សកម្មភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូទាំងក្នុងតំបន់ និងជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងបានប្ដេជ្ញាចិត្តបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន-ចិន ធ្វើឱ្យបានជោគជ័យនូវការគាំទ្ររបស់ជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លង កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសេវាសុខាភិបាល ព្រមទាំងលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាទៀងទាត់រវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ដែលជាជំហាននាំប្រជាជនអាស៊ាន និងទូទាំងពិភពលោកមានសុខភាព និងសុខុមាលភាព ក្នុងដំណើរឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣០និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (The 16th ASEAN Health Ministers Meeting and Related Meetings) ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្ដង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលអាស៊ានទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅប្ដេជ្ញាចិត្តដើម្បីធានាបាននូវសុខភាព សុខុមាលភាពរបស់ប្រជាជនតំបន់អាស៊ានឈានទៅសម្រេចការគ្របដណ្ដប់សុខភាពជាសកល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីសុខាភិបាលអាស៊ានទាំង១០ប្រទេស និងទីម័រឡេស្ដេ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាម៉េរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកអង្គការសុខាភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលចូលរួមតាមកម្មវិធី និងប្រធានបទជាក់ស្ដែង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង